កណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ បន្ទាប់ពីទំនាស់ពាក្យសំដី បន្តិចបន្តួច ក្រោយពីក្រុមជនដៃដល់ មួយក្រុម ព្រួតគ្នាវាយ និងកាប់ជាច្រើន កាំបិតបុ័ងតោ ប៉ុន្តែភ្លាមៗនោះដែរ កម្លាំងនគរបាល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ជនសង្ស័យ បាន៤នាក់ ដែលម្នាក់ជាមន្ត្រីអាវុធហត្ថ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង២១និង៣៥នាទី យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រែថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សេង គង់ចាន់និមល ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិឃុំ កើតហេតុ (ស្លាប់នៅ កន្លែងកើតហេតុ) ។
ចំណែក ជនសង្ស័យគ្នា០៣នាក់ទី១- ឈ្មោះ នឿន ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ទើបមកពីធ្វើ កម្មករនៅ ប្រទេសថៃ)ជាជនដៃដល់ ទី២- ឈ្មោះ នឿន វ៉ាន់ឌី ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាងសំណង់ ជាអ្នកវាយដោយដៃ ទៅលើជនរងគ្រោះ និងទី៣- ឈ្មោះ សរ ពិសី (ហៅតាំង) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាវុធហត្ថ ជាអ្នកគម្រាម យក កាំភ្លើងបាញ់ ជនរងគ្រោះ ។
ជនសង្ស័យទាំង៣នាក់ រស់នៅក្នុងភូមិ ឃុំកើតហេតុ ជាមួយគ្នាជនរងគ្រោះដែរ ។ សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ បានជុំគ្នាផឹកស្រាបៀកម្ពុជា នៅក្បែរផ្លូវក្រៅ របងផ្ទះឈ្មោះ សរ ពិសី រហូតដល់វេលាម៉ោង ២១៖៣៥នាទី (ថ្ងៃដដែល) ស្រាប់តែមានគេគប់ដំបូល សង្ក័សីផ្ទះ ជនរងគ្រោះចំនួន១លើក និងមានអ្នកបិតអំពូលភ្លើង ក្រោមផ្ទះរបស់ជនរងគ្រោះ ពេលនោះ ជនរងគ្រោះចុះពី លើផ្ទះមកដីជាមួយ ប្រពន្ធឈ្មោះ សួន សុខជា រួចបានសួរទៅឈ្មោះ ណាង ហើយឈ្មោះ ណាង ឆ្លើយថា មិនដឹងអ្នកណាគប់ទេ ។
ពេលនោះឈ្មោះ សរ ពិសី ឆ្លើយដូចឈ្មោះ ណាង ដែរ អ្នកទាំងពីរ បានក្រោយមកក៏បានឈ្លោះប្រកែកគ្នា បន្តិចបន្តួចទើប ឈ្មោះ ពិសី ស្ទុះចូលផ្ទះខ្លួនដោយ និយាយថា យកកាំភ្លើងបាញ់ជនរងគ្រោះប៉ុន្តែ រំពេចនោះឈ្មោះ ភារៈ កាន់កាំបិតបុ័ងតោ ទៅកាប់ជនរង គ្រោះចំនួនពីរកាំបិត ភ្លាមនោះឈ្មោះ វ៉ាន់ឌី ត្រូវជាបងប្រុស របស់ភារៈបានស្ទុះទៅដាល់ ជនរងគ្រោះបណ្តាល ឲ្យដួលផ្ងាទៅ ដី ហើយ ភារៈស្ទុះទៅកាប់ ជនរងគ្រោះ បន្ថែមជាច្រើនកាំបិតបណ្តាយ ឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។
ប្រភពបានបន្តថា ក្រោយសមត្ថកិច្ច នគរបាលស្រុកស្អាង សហការជាមួយជំនាញព្រហ្មទណ្ឌខេត្ត ចុះធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួន ជាបណ្តោះនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្អិល