CamNews

ព័ត៌មានជាតិ 

រន្ទះបាញ់មនុស្ស ស្លាប់ម្នាក់ និងងាប់ក្របី ៣ក្បាល ក្រោមមេឃភ្លៀង លាយខ្យល់ មួយមេយ៉ាងធំ

កែប៖ រន្ទះបាញ់ បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួមជាមួយនឹងក្របីចំនួន ៣ក្បាលផង ក្នុងពេលតែមួយ ក្រោមមេឃភ្លៀងលាយខ្យល់មួយមេធំ កាលពីវេលាម៉ោង១៧ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំណុចវាលស្រែ ស្ថិតក្នុងភូមិឣំពែង ឃុំឣង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិល ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ញើយ ភេទប្រុស ឣាយុ ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។សមត្ថកិច្ចដដែលបន្តទៀតថា ក្រៅពីរន្ទះបាញ់ជនរងគ្រោះខាងលើនេះហើយ នៅបាញ់ក្របីងាប់ចំនួន ៣ក្បាលទៀត ក្នុងនោះក្របីឈ្មោល ២ក្បាល និងញី១ក្បាល, ១ក្បាលជារបស់ជនរងគ្រោះ-១ក្បាលរបស់កូនបង្កើតជនរងគ្រោះ និង១ក្បាលទៀត របស់កូនប្រសារ។ រន្ទះបាញ់ក្នុងខណៈជនរងគ្រោះ កំពុងចងក្របី ៣ក្បាលខាងលើ នៅវាលស្រែ ដែលមានចម្ងាយពីផ្ទះ របស់ជនរងគ្រោះប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានយកមកតម្កល់ឯផ្ទះ ធ្វើបុណ្យតាមប្រពៃណីហើយ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Koep