ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិត ៥០រូប ឲ្យចូលបម្រើការក្របខណ្ឌមន្រ្តីបច្ចេកទេសជាន់ខ្ពស់ «ប្រភេទក» ដើម្បីបម្រើការងារនៅទីស្តីការក្រសួង និងតាមមន្ទីរអភិវឌ្ឍន៍ ជនបទរាជធានី-ខេត្ត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី០៤ ខែមិថុ នា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា មន្រ្តីទាំង ៥០រូប ដែលប្រឡងជ្រើសរើសនេះ ១៤រូប នឹងត្រូវបម្រើការងារនៅ ទីស្តីការក្រសួង ហើយ ៣៦រូបទៀត នឹងត្រូវទៅបម្រើការងារនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត។
តាមសេចក្តីជូនដំណឹងនេះ ក្រសួងបញ្ជាក់ថា បេក្ខជនទាំងអស់ ត្រូវជាសញ្ជាតិខ្មែរ, មានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ ។ បេក្ខជន ក៏ត្រូវមានសញ្ញាបត្រ បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។
សិស្ស-និស្សិតកម្ពុជា ដែលចង់ចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ អាចទៅទទួលយកពាក្យប្រឡង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក (ជាន់ផ្ទាល់ដី) នៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅកាច់ជ្រុងវិថីលេខ ១៦៩ និងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ រៀង រាល់ម៉ោងធ្វើការ។
ក្រសួងបញ្ឈប់ទទួលពាក្យប្រឡង នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៥ល្ងាច៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល