CamNews

ព័ត៌មានជាតិ 

បាញ់ប្លន់​ MSX ដល់មុខផ្ទះជនរងគ្រោះ នៅសង្កាត់បឹងទំពុន

ភ្នំពេញ ៖ ក្រុមចោរមានគ្នា៥នាក់ ជិះម៉ូតូសេ១២៥ ចំនួនពីរគ្រឿង បានធ្ចើសកម្មភាព បាញ់ជនរងគ្រោះចំនួន ពីរគ្រាប់ នៅនឹងមុខផ្ទះជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅកន្លែងភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង០៥នាទី យប់ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ួត គឹមហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ឲ្យក្រុមហ៊ុន ឯកជន មានទីលំនៅ ផ្ទះលេខ៣៣ ភូមិសន្សំកុសល៣សង្កាត់បឹងទំពុន ជិះម៉ូតូម៉ាកMSX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CC-0005 ត្រូវចំនួន២គ្រាប់ មួយគ្រាប់ចំថ្ពាល់ឆ្វេង និងមួយគ្រាប់ទៀត ក្រោមឃ្លាកខាងឆ្វេង ស្លាប់នៅនិងកន្លែងកើតហេតុ ។ចំណែកជនសង្ស័យមានគ្នា ៥នាក់ ជិះម៉ូតូពីរគ្រឿង ម៉ាកសេ១២៥ ក្រោយពី បាញ់ជនរងគ្រោះហើយ ជិះគេចខ្លួនដោយសុវត្ថិភាព ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបាន រកឃើញសំបកគ្រាប់១ និងគ្រាប់k59 ចំនួន1គ្រាប់ ។

តាមសាក្សីឃើញហេតុការណ៍ បាននិយាយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ គាត់បានឃើញ ជនរងគ្រោះជិះម៉ូតូ MSX ចូលតាមផ្លូវលំ  ហើយបានឃើញម៉ូតូC125 ពីរគ្រឿង មានគ្នា៥នាក់ ជិះតាមពីក្រោយ ហើយក៏ឮសម្លេងផ្ទុះចំនួន២គ្រាប់ និងឮសម្លេងស្រែកជួយផងៗ ហើយក៏ឃើញម៉ូតូពីរគ្រឿងនោះ ជិះចេញទៅវិញបាត់ទៅតែម្តង ។ នៅក្នុងហោប៉ៅខោជនរងគ្រោះសមត្ថកិច្ចបានរកឲ្យឃើញ មានបុងគិត លុយ១សន្លឹក មានឈ្មោះហាង សំណង់12 សប្បាយៗ ដែល ជនរងគ្រោះ ទើបមកពី ផឹកស៊ី ។

 ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់ សាកសពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP