ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ស្ថានទូតខ្មែរ ប្រចាំនៅទីក្រុង បាងកក កំពុងស្រាវជ្រាវលើករណីពលរដ្ឋខ្មែរម្នាក់ ដែលបានរងរបួស នៅក្នុងប្រព្រឹត្តការណ៍ ប៉ះទង្គិចគ្នានៅ ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣នេះ លោក កុយ គួង បានឲ្យដឹង ថា “ស្ថានទូតខ្មែរ ប្រចាំនៅបាងកកកំពុងធ្វើការលើរឿងនេះ ដោយយកចិត្តទុកដាក់ហើយ យើងក៏មិនទាន់ដឹង ច្បាស់ដែលថា ពលរដ្ឋខ្មែរ រូបនោះ ជាពលករ ឬ ក៏ភ្ញៀវទេសចរនោះទេ ពោលគឺស្ថិតក្នុងដំណាក់ កាលស្រាវជ្រាវ នៅឡើយ”។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរបានរងរបួស នៅក្នុងប្រព្រឹត្តផ្ទុះហិង្សាមួយ នៅប្រទេស ថៃ រវាង ក្រុមអ្នកគាំទ្រ លោក យីងឡាក់ និងក្រុមប្រឆាំងរបស់រាជរដ្ឋាភិបាលថៃ។
កំដៅនយោបាយ នៅប្រទេសថៃ នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ ខណៈក្រុមបាតុករទាមទារ ឲ្យនាយរដ្ឋមន្ត្រី លោកស្រី យីងឡាក់ ចុះចេញពីអំណាច ហើយក្រុមបាតុករ បាននឹងកំពុងបន្តចូលកាន់កាប់ ក្រសួងសំខាន់របស់ថៃជាច្រើនទៀតផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល