ភ្នំពេញ ៖ ជនសង្ស័យមួយ ក្រុមមានគ្នា ប្រមាណ ១០នាក់ បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូធនធំដែលកំពុងពេញ និយមម៉ាកឌុក ពីយុវវ័យ២នាក់ បានសម្រេច រួចរត់គេចខ្លួន បាត់ដោយសុវត្ថិភាព មិនរំខាន់ដល់សមត្ថកិច្ច ដែលប្រចាំការ នៅជិតកន្លែងកើតហេតុ បន្ទាប់ពីពួកគេចេញ ពីធ្វើការនៅក្លឹប កំសាន្តមួយកន្លែង ហើយបានឌុបនារីជាសង្សារ ទៅដើរលេងរួចមានបំណងជូនទៅផ្ទះវិញ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ខាងកើត ផ្សារ ទួលទំពូង ប្រមាណជា២០០ម៉ែត្រ តាមបណ្តោយផ្លូវលេខ១៣៥ កែងនឹងផ្លូវលេខ៤៤០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
យុវជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ លឹម ហេង អាយុ២២ឆ្នាំ ជាបុគ្គលិកធ្វើការក្នុងក្លឹបកំសាន្តមួយកន្លែង មានទីលំនៅ បច្ចុប្បន្នម្តុំចំការដូង ស្ថិតក្នុងភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគេបានចេញពីកន្លែងធ្វើការ ដោយបានជិះម៉ូតូម៉ាក ឌុកគ្មាន ស្លាកលេខ រួចបានឌុបនារីវ័យក្មេងជាសង្សារដើរលេង ហើយមួយសន្ទុះក្រោយមក ក៏បានឌុបនារីត្រឡប់ ទៅផ្ទះវិញនៅម្តុំរង្វង់មូល ផ្សារដើមថ្កូវ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៣៥ ពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ កែងនឹងផ្លូវលេខ៤៤០ ក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង បានជិះ មកអៀប និងបានគៀរឱ្យចូលគៀន រួចជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបានដកកាំភ្លើងខ្លីមួយដើមភ្ជង់ និងគំរាមបាញ់ឱ្យចុះពីលើម៉ូតូ ។ ជនរងគ្រោះបន្តថា មានការភ័យតក់ស្លុក ដោយសារតែក្រុមជនសង្ស័យមានគ្នាច្រើន ម៉្យាងវិញទៀតមានកាំភ្លើងផងនោះ រូបគេជាមយយនឹង សង្សារបាន ត្រឹមតែមើលបួកគេយកម៉ូតូ ហើយជិះចេញទៅបាត់តែប៉ុណ្ណោះ ។
បន្ទាប់បីកើតហេតុបានមួយសន្ទុះជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ច រួចទៅដាក់ពាក្យបណ្តឹង នៅបុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ ។
សូមបញ្ជាក់ផងដែរថា ភូមិសាស្រ្តខណ្ឌចំការមន មានការស្ងប់ស្ងាត់តែមួយ រយះពេលខ្លីតែប៉ុណ្ណោះ ហើយនៅពេលនេះគឺមាន ករណីប្លន់ ប្រដាប់អាវុធកើតឡើង ទៀតហើយ ជាពិសេសគឺ ក្នុងមូលដ្ឋាន សង្កាត់ទួលទំពូងទី១ នេះតែម្តង គឺញឹកញាប់ជាងគេ ប៉ុន្តែមិនដែលបង្ក្រាប បានទាល់តែសោះ សូម្បីតែ នៅជិតកន្លែងប្រចាំការ របស់សមត្ថកិច្ចហើយ ក៏នៅមានបទល្មើសកើតឡើងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល