CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនជនសង្ស័យ ម្នាក់ទៀត ក្នុងករណី បោក គ្រាប់បែក នៅខណ្ឌសែនសុខ ដែលចៅសង្កាត់គោករកា ជាមេខ្លោង

ភ្នំពេញ ៖ ក្រោយពីធ្វើការតាមដាន និងស្រាវជ្រាវ តាមជំនាញរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ អស់រយះពេល ជាច្រើនខែមកនោះ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ និងនគរបាលមូលដ្ឋាន ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពបោក គ្រាប់បែក នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពី ដើមខែតុលា ឆ្នាំ២០១៤កន្លងទៅ ដែលបណ្តាលឲ្យស្លាប់ និងរបួសចំនួន៦នាក់ ។

ស្នងការរង នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ ជនសង្ស័យ អេង ដាលីន ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួននាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយពីបានចាប់ខ្លួន មេខ្លោងជាចៅសង្កាត់គោករកាមក នោះ ការិយាល័យ ជំនាញ ព្រហ្មទណ្ឌ និងនគរបាល ខណ្ឌសែនសុខ ដោយមានការបញ្ជាពី សំណាក់ស្នងការ នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតចាបន់ខ្លួន ជនសង្ស័យ រូបនេះតែម្តង។

បើតាមលោកឧត្តមសេនីយ៍ ស្នងការរង ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវ បានយកទៅសួរនាំ និងឃុំខ្លួនជា បណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។  

សូមបញ្ជាក់ថា មេខ្លោងពិតប្រាកដ នៃអំពើគប់គ្រាប់បែក ប៉ងសម្លាប់ មួយគ្រួសារ នៅ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ កាល ពីដើមខែតុលា ឆ្នាំ២០១៤ កន្លងទៅនោះ ឥឡូវត្រូវបានគេដឹងថា ជាចៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ លោក ភី ណុប អាយុ៤៧ឆ្នាំ ។

មន្ដ្រីនគរបាល មូលដ្ឋាន ខណ្ឌសែនសុខ បានឲ្យដឹងថា មូលហេតុដែលចៅសង្កាត់ គោករកា បានជួលឃាតក គប់គ្រាប់បែកប៉ង សម្លាប់ មួយគ្រួសារ ខាងលើនេះ ដោយសារ តែលោក ភី ណុប បានច្រណែន និងជនរងគ្រោះ គ្រោង ឈរឈ្មោះ ជាចៅសង្កាត់ហើយ ពាក់ព័ន្ធទៅនឹងជម្លោះ ការរកស៊ី ក្នុងមុខជំនួញផងដែរ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដទៀតថា ដើម្បីសម្លាប់ ជនរងគ្រោះមេខ្លោង បានសន្យា ផ្ដល់លុយ ចំនួន១ម៉ឺនដុល្លារ ប៉ុន្ដែពេលធ្វើសកម្មភាព មិនចំគោលដៅ ហើយជនរងគ្រោះ មិនស្លាប់នោះ មេខ្លោងបានត្រឹម ផ្ដល់លុយ ចំនួន៥០០០ ដុល្លារប៉ុណ្ណោះ ។ ជនសង្ស័យ ជាមេខ្លោង នៃអំពើគប់គ្រាប់បែក បណ្ដាលឱ្យមានស្លាប់ និងរបួសខាងលើ នេះ ចៅសង្កាត់ គោករកា លោក ភី ណុប និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ពៅ ប៊ុនធឿន អាយុ៣៣ឆ្នាំ ដែលជាអ្នកដើរ ជួលអ្នកធ្វើសកម្មភាពផ្ទាល់ ត្រូវ បានកម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្ដ បន្ទាប់ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៤ ។

ក្នុងនោះ ជនសង្ស័យ ដែលជាអ្នកដើរជួល ក្រុមធ្វើសកម្មភាពផ្ទាល់ ត្រូវបានកម្លាំងនគរបាល តាមទៅចាប់ខ្លួននៅឯ ខេត្ដសៀមរាប រួចហើយ ពេលយកមកដល់ ភ្នំពេញវិញ និងក្រោយពី សួរនាំរួចមក កម្លាំង នគរបាល បានបន្ដ ឃាត់ខ្លួនលោក ភី ណុប ជាចៅ សង្កាត់គោករកា ដោយសង្ស័យថា ជាមេខ្លោងនៃ អំពើឃាតកម្មមួយនេះ ។ អំពើឃាតកម្មដោយគប់ គ្រាប់បែកខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នោះ បណ្ដាលឱ្យជនរងគ្រោះ៦នាក់ ស្លាប់ និងរបួស ហើយអ្នកស្លាប់នោះគឺជាក្មេងប្រុស អាយុ១១ឆ្នាំ ឈ្មោះ ស៊ន តារា ។

ក្រោយមានអំពើឃាតកម្ម គប់គ្រាប់បែក ខាងលើនេះ កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ កម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនដៃដល់ម្នាក់ នៅផ្ទះជួលភូមិអណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ជនសង្ស័យរូបនេះ ឈ្មោះនួន សំរិទ្ធ ហៅម៉ាប់ អាយុ២៧ឆ្នាំ គឺជាជនដៃ ដល់នៃការ គប់គ្រាប់បែក ផ្ទាល់តែម្ដង ដោយមេខ្លោង សន្យាផ្ដល់ម៉ូតូ SL មួយគ្រឿង និងលុយ៤០០ដុល្លារ ។

ជនសង្ស័យ នួន សំរិទ្ធ បានសារភាពនៅ ចំពោះមុខសមត្ថកិច្ច ក្រោយពេល ចាប់ខ្លួនថា ម៉ូតូ SL ដែលអ្នកជួល ប្រគល់ឱ្យនោះ ត្រូវបានបក្ខពួករបស់ខ្លួនឈ្មោះ លីន ជិះ យកទៅបាត់ហើយ ។ ប្រភពព័ត៌មានពីមន្ដ្រី នគរបាលខណ្ឌសែនសុខ បានបន្ដថា ក្រោយពីមានការ ឃាត់ខ្លួន ជនដៃដល់ទាំងពីរនាក់រួចមក នគរបាលព្រហ្ម ទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ និង ស្នងការរងលោក ជួន ណារិន្ទ បានចុះទៅផ្ទាល់ រហូតមានការឃាត់ ខ្លួនជនសង្ស័យ ទាំងពីរ នាក់បន្ថែមទៀត ។

កាលពីម៉ោង៧ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ជនសង្ស័យ ២នាក់ បានជិះម៉ូតូទៅបោក គ្រាប់បែក ផ្ទុះ សម្លាប់ មនុស្សម្នាក់ និងរបួស៥នាក់ (ក្មេងចាស់) នៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណៈជនរងគ្រោះកំពុងអង្គុយហូបបាយ ។ សាក្សី និងសមត្ថកិច្ចអះអាងថា ជនល្មើស មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ដែលខ្លះថា ប៊េស និងខ្លះទៀតថា វីវ៉ា ពណ៌ក្រហម បានធ្វើសកម្មភាពបោកគ្រាប់បែក ចូលទៅក្នុងផ្ទះ ខណៈជនរងគ្រោះកំពុង អង្គុយហូបបាយរួមគ្នា ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល ខណ្ឌសែនសុខ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងរបួសមានចំនួន៦នាក់ ក្នុង នោះស្រីម្នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតសម្រាប់មនុស្សធំ និងមន្ទីរពេទ្យ គន្ធបុបា្ផ សម្រាប់កុមារ តូចៗ ប៉ុន្ដែមួយសន្ទុះ ក្រោយមក ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានស្លាប់ ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

មន្ដ្រីនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់ ដែលស្លាប់ និងរងរបួសធ្ងន់ស្រាល នោះ រួម មានទី១ ឈ្មោះ ស៊ន ស៊ិន អាយុ ៥៨ឆ្នាំ ជាមេគ្រួសារ មុខរបរស៊ីទិញ និងលក់ដី ស្នាក់នៅចំណុច កើតហេតុ ផ្ទះសង់ ថ្មី លេខ២១៥ រងរបួសត្រង់ក្បាលពោះ និងកែងជើង ទី២ ឈ្មោះសាំ ភស្ដ័ អាយុ ២០ឆ្នាំ មុខរបរជាកម្មករ របស់ម្ចាស់ ផ្ទះ រងរបួសត្រង់ក្បាលជង្គង់ទាំងពីរ ទី៣ ឈ្មោះ ដូន សុខ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រងរបួស ត្រង់ថ្ងាស និងកែង ជើង ទី៤ ឈ្មោះស៊ន តារា អាយុ១១ឆ្នាំ រងរបួសជើងទាំង២នាក់ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធ បុបា្ផ ទី៥ ឈ្មោះ តារារិទ្ធ ខាន់លន់ អាយុ ១២ឆ្នាំ រងរបួសជើងទាំង២ និងទី៦ ឈ្មោះ ហាក់ ប៉េងលាង ភេទស្រី អាយុ ៤០ឆ្នាំ ស្នាក់ នៅចំណុចកើតហេតុ រងរបួសស្រាលត្រង់ម្រាមដៃ ។

ក្រៅពីរងរបួសទៅលើម្ចាស់ផ្ទះមួយគ្រួសារនេះ សម្ភារៈមួយចំនួន រួមទាំង ម៉ូតូ មួយ គ្រឿង និងរថយន្ដពីរគ្រឿងក៏រងការខូចខាតផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP