ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បុរសម្នាក់ដែលជាមន្រ្តីនគរបាល បម្រើរការងារនៅក្រសួមមហាផ្ទៃ បានបើករថយន្ត ជ្រុលចង្កូតចូលស្ថានីយ ប្រេងឥន្ធនៈសូគីម៉ិច រួចបុកធ្លាយរបងគ្លីនិក ហុងអិន បណ្តាលឲ្យខូចម៉ូតូ៤ គ្រឿង បន្ទាប់ពីបុរសនោះ កើតអាការងងឹតមុខពេលបើកបរ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ទំនប់ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយហេតុការណ៍នេះ បានសង្កេតឃើញថា បុរសអ្នកបើករថយន្ត មានអាការដង្ហក់ជាខ្លាំង ប្រហែលអាចមកពីជំងឺប្រចាំកាយ ទើបបណ្តាលឲ្យអ្នកបើករថយន្តងងឹតមុខ ហើយរេចង្កូតរថយន្ត បង្កហេតុយ៉ាងដូចច្នេះ។
សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ អ្នកបើកបររថយន្តបានធ្វើដំណើរ ពីស្ពានអាកាសស្ទឹងមានជ័យ ចុះមកពីលិចទៅកើត តាមផ្លូវមុន្នីរ៉េត ស្រាប់តែពេលកំពុងបើកបរ រថយន្តឆេរ៉ូឡែត ពាក់ស្លាកលេខភ្នំពេញ 2B-3995 ក៏បានរ៉េចង្កូតចូលស្ថានីយ ប្រេងឥន្ធនៈសូគីម៉ិច បន្ទាប់មកក៏ជ្រុលទៅបុករបងមន្ទីរពហុព្យាបាល ហុងអិន បណ្តាលឲ្យខូចខាតម៉ូតូ៤គ្រឿងដែលចតនៅក្នុងនោះ។
ជាមួយគ្នានោះដែរ សាក្សីបានបញ្ជាក់ថា ពុំមានអ្នកណាម្នាក់រងរបួស ក្នុងហេតុការនេះទេ ក្រៅពីការខូចខាតសម្ភារមានម៉ូតូ រថយន្ត និងរបងមន្ទីរពហុព្យាបាល ហុងអិន។
មន្រ្តីនគរបាលមូលដ្ឋាន ក៏បានឲ្យដឹងថា អ្នកបើកបរបង្កហេតុ មានឈ្មោះ ឈិន ទី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរជាមន្រ្តីនគរបាល នៃក្រសួងមហាផ្ទៃ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល