CamNews

ព័ត៌មានជាតិ 

អង្គរក្សអមដំណើរ លោក សម រង្ស៊ី ជួបគ្រោះថ្នាក់ ក្រឡាប់រថយន្ត នៅខេត្តព្រះសីហនុ របួសធ្ងន់-ស្រាល៧នាក់

ភ្នំពេញ៖ ក្រុមអង្គរក្ស ៧នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះក្រឡាប់រថយន្ត ពេលពួកគេកំពុងអម ដំណើរលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ឆ្ពោះពីខេត្តព្រះសីហនុ ឡើងមករាជធានីភ្នំពេញ។ គ្រោះ ថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើងនៅម៉ោង ៤ និង២០នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ នៅលើ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 153-154 ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចដែលចុះត្រួតពិនិត្យកន្លែងហេតុ បានឱ្យដឹងថា រថយន្តកងអង្គរក្សរបស់លោក សម រង្ស៊ី មួយគ្រឿង ដែល បើកអមនៅ ខាងក្រោយក្បួនរថយន្ត បានក្រឡាប់ធ្លាក់ពីលើផ្លូវបណ្តាលឱ្យអង្គរក្ស ៦នាក់របួសធ្ងន់ និង ម្នាក់រង របួសស្រាល។ ក្រោយជួបគ្រោះថ្នាក់ភ្លាមៗ ក្រុមអង្គរក្ស ត្រូវបានសមត្ថកិច្ចញាប់ដៃញាប់ជើងជួយបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ CT ស្ថិតនៅក្នុងក្រុងព្រះសីហនុ។

សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃគ្រោះថ្នាក់ក្រឡាប់រថយន្តនេះនៅឡើយទេ។ តែលោក សម រង្ស៊ី បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកថា គ្រោះថ្នាក់នេះ បណ្តាលមកពីបែកកង់រថយន្ត ខាងមុខ។

លោក សម រង្ស៊ី ក្រោយឃើញកងអង្គរក្សរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរ ក៏សម្រេចផ្អាកដំណើរឆ្ពោះមករាជធានី ភ្នំពេញ ហើយ ត្រឡប់ទៅកាន់ខេត្តព្រះសីហនុវិញ ដើម្បីតាមដានស្ថានភាពរបួសអង្គរក្សរបស់លោក។

ក្រៅពីកំពុងតាមដានអាការៈរបួសអង្គរក្សរបស់ខ្លួននៅក្នុងមន្ទីរពេទ្យដោយផ្ទាល់ហើយនោះ លោក សម រង្ស៊ី និង ភរិយា បានជំរុញឲ្យក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះ និងធានាចេញថ្លៃព្យាបាល ព្រមទាំងការចំណាយផ្សេងៗផង ដែរ។

ក្រុមអង្គរក្ស ដែលរងរបួសនេះរួមមាន៖ ទី១. ឈ្មោះ ហែម ចិន្តា, ទី២. ឈ្មោះ អ៊ុច សារិន, ទី៣. ឈ្មោះ ហេង រិទ្ធ របួសធ្ងន់, ទី៤. ឈ្មោះ វ៉ាន់ ស៊ីម, ទី៥. ឈ្មោះ ស៊ិន វុធដា, ទី៦. ឈ្មោះ ភូ រ៉ាម៉ី (ជាអ្នកបើកបរ) អង្គរក្សទាំង៦នាក់ នេះរងរបួសធ្ងន់ អង្គរក្សម្នាក់ទៀត ដែលរងរបួសស្រាល មានឈ្មោះ ពូក ចិន្តា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា សប្តាហ៍មុននេះ លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និង ផ្សព្វផ្សាយ របស់គណបក្សសង្រ្គោះជាតិ ក៏បានជួបគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរផងដែរ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ នាខេត្តពោធិ៍សាត់។ គ្រោះថ្នាក់នេះ បណ្តាលឲ្យលោក មាជ សុវណ្ណារ៉ា និងភរិយា ព្រមទាំងបុរសរួមដំណើរពីរ នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP