ភ្នំពេញ៖ ទីតាំងរោងដែកមួយកន្លែង ស្ថិតក្នុងបរិវេណវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យ ជាប់របងរដ្ឋសភា ដែលកន្លងមកមានការយល់ច្រឡំថា បានជួលទៅឲ្យ ក្រុមហ៊ុនណាហ្គា វើល សម្រាប់ចំណតរថយន្ត នោះ នឹងសាងសង់ជំនួសមកវិញនូវ ទីស្ដីការក្រសួងធម្មការ និងសាសនា។
គម្រោងនៃការសាងសង់ទីស្ដីការក្រសួងធម្មការ ក្នុងទីតាំងដីវិទ្យាស្ថានពុទ្ធ សាសនបណ្ឌិត្យ នេះ ត្រូវបានមន្ត្រីក្រសួងធម្មការ បញ្ជាក់ ថា កើតមានជាយូរណាស់ហើយ ពោលគឺ មិនមែនកើតមានក្រោយរឿងក្ដីក្ដាំងជាមួយក្រុមហ៊ុណាហ្គាវើលនោះទេ។
ការបកស្រាយខាងលើនេះ បានធ្វើឡើងក្នុងដំណើរចុះត្រួតពិនិត្យ ដោយផ្ទាល់របស់លោក យ៉ែម ប៉ុញ្ញឫទ្ធ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាស នា វប្បធម៌ និងទេសចរណ៍)នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅថ្ងៃសុក្រទី ០៩ខែ មករា ឆ្នាំ២០១៥។
លោក យ៉ែម បុញ្ញឫទ្ធ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា ដំណើរចុះត្រួតពិនិត្យ ធ្វើឡើង បន្ទាប់ពី ការជួបជាមួយ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ កាលពីថ្ងៃទី៩ខែ តុលា ឆ្នាំ២០១៤ ហើយលោកបានលើកសសើរពីសកម្មភាពការងាររបស់ក្រសួងធម្មកាថា ដំណើរ ការបានល្អ។
លោកថា "ពេលដែលយើងមកមើលជាក់ស្ដែងឃើញថា ក្រសួងធម្មការកិច្ចការសាសនាអនុវត្ត កិច្ចការ ដែលគាត់បានសន្យាល្អហើយ។ ក្នុងនោះរោងដែកបាន រុះរើហើយ។ ដូច្នេះនៅសល់ ជំហ៊ានមួយ ទៀត គឺការរៀបចំវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឲ្យមានលក្ខណៈបែប សាសនា បណ្ណាល័យ និងជាវិទ្យាស្ថាន គ្រឹះសម្រាប់ផ្សព្វផ្សាយពុទ្ធសាសនាបន្តទៀត"។
សម្រាប់ លោក យ៉ែម ប៉ុញ្ញឫទ្ធ ការសាងសង់ទីស្ដីការក្រសួង នៅលើដីដែលមានការយល់ ច្រឡំនេះ គឺជា រឿងល្អ។ ល្អព្រោះថាក្រសួងកំពុងខ្វះកន្លែងធ្វើការ។
ជាមួយគ្នានេះ លោក សេង សុមនី អនុរដ្ឋលេខាធិការក្រសួងធម្មការ ក៏បានបញ្ជាក់ ជំហរ ជាថ្មីថា គ្មាន ការលក់ឬជួលនោះទេ ចំពោះដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទៅឲ្យក្រុមហ៊ុន ណាហ្គាវើលដូចការចោទប្រកាន់។
ទាក់ទងបញ្ហានេះដែរ លោក យ៉ែម ប៉ុញ្ញឬទ្ធិ បានលើកឡើង នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៩ ខែមករា ក្រោយពីចុះទៅត្រួត ពិនិត្យមើល វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា « ដីវិទ្យាស្ថានមិនត្រូវបានលក់ , របងខណ្ឌដែក ក្នុងដីវិទ្យាស្ថាន របស់កាស៊ីណូត្រូវវាយកម្ទេច , ទ្វារចេញចូលរបស់ កាស៊ីណូក្នុង ទីតាំងរបស់វិទ្យាស្ថានត្រូវបានបិទ និងរៀបចំថ្មី , រចនាបថខ្លោងទ្វារនឹង ត្រូវកសាងឡើងវិញជាបន្ទាន់»។
បើតាមលោក សេង សុមនី គម្រោងនៃការសាងសង់ទីស្ដីការក្រសួងធម្មការ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា។
សូមបញ្ជាក់ថា ដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកន្លងមកត្រូវបាន ក្រុមព្រះសង្ឃនិង ក្រុម ប្រជាពលរដ្ឋ បានចោទប្រកាន់មកក្រសួងធម្មការ និងសាសនាថា បានលក់ទីតាំងដី ទៅឲ្យ ក្រុមហ៊ុនណាហ្គាវើល។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានបកស្រាយជំនួសមកវិញ ដោយ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង ធម្មការ បានធ្វើការអះអាងនៅចំពោះ មុខគណៈ កម្មការ ទី៧រដ្ឋសភា ថា មិនមាន ការលក់ ឬជួលដីពុទ្ធសាសនបណ្ឌិត្យ ទៅឲ្យក្រុមណាហ្គាល វើល ដូចការ ចោទប្រកាន់ នោះទេ។
បញ្ហានេះក៏មិនបានធ្វើឲ្យនាយករដ្ឋមន្ត្រីនៅស្ងៀមនោះដែរ ពោលគឺប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើលិខិតទូលថ្វាយ ទៅព្រះករុណាសម្ដេច ព្រះបរមនាថ នរោត្តម ស៊ីហមុនី ថា មិនមានការលក់ ឬជួលដីនោះទេ៕