ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍ សែន បានបើកប្រតិបត្ដិការ បង្ក្រាបក្រុមចោរ លួចនិងទទួល ផលចោរកម្ម ចំនួន៥នាក់កាល ពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល លេខ៤D2 ជាន់ទី២ ក្រុមទី២ ភូមិត្រពាំង ល្វា សង្កាត់កាកាប ដោយដកហូតម៉ូតូចំនួន ៤គ្រឿង កន្ដ្រៃយសម្រាប់កាត់សោ និងសម្ភារ សម្រាប់ជក់គ្រឿងញៀន មួយចំនួនទៀត។
យោងតាមមន្ដ្រី អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ទី១ ឈ្មោះកែវ សារ៉េន អាយុ២៥ឆ្នាំ ទី២ ឈ្មោះសួស ថេត អាយុ២៦ឆ្នាំ ទី៣ ឈ្មោះ សយ តុលា អាយុ៣០ឆ្នាំ ទី៤ ឈ្មោះឡឹក ប្រុស អាយុ២៧ឆ្នាំ និងទី៥ ឈ្មោះជឹម សុជឿន ភេទស្រី អាយុ២៤ឆ្នាំ ។
មន្ដ្រីអាវុធហត្ថដដែល បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានពីសកម្មភាព លួចកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរួចមក កម្លាំងអាវុធហត្ថខណ្ឌ បានចុះធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់បង្ក្រាបមុខសញ្ញាទាំងនេះតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបាន បញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល