CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្ត្រី៖ ខ្ញុំមិនបាននិយាយថា ចិនផ្ដល់ប្រាក់១០០លាន សម្រាប់សាងសង ពហុកីឡាដ្ឋានថ្មីទេ

ភ្នំពេញ៖ ក្រោយការចុះផ្សាយអត្ថបទ របស់កាសែត ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃអង្គាទី១៩ ខែឧសភាឆ្នាំ២០១៥ នេះក្រោមចំណងជើងថា «ចិនផ្ដល់ប្រាក់១០០លានដុល្លារ សម្រាប់សាងសងពហុកីឡាថ្មី» ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បកស្រាយថា ជាព័ត៌មានមិនពិត។

ថ្លែងនៅក្នុងឱកាស ចែកសញ្ញាបត្រដល់និស្សិត នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃអង្គានេះ នាមជ្ឈមណ្ឌលកោះពេជ្រសម្ដេចហ៊ុនសែន បញ្ជាក់ថា « ខ្ញុំអត់មានប្រើពាក្យថាចិនឲ្យលុយ១០០លាន ដុល្លារសម្រាប់សាងសង់ពហុកីឡាហ្នឹងទេ! តើភ្នំពេញប៉ុស្ដិ៍បានពាក្យមកពីណា»។

តាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី គឺសម្ដេចគ្រាន់តែចុះហត្ថលេខាអនុម័តយកប្លង់ចំនួនពីរប៉ុណ្ណោះពាក់ព័ន្ធការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីនេះ។ សម្ដេចបន្ថែម« ខ្ញុំគ្រាន់តែអនុម័តយកប្លង់ដោយគេដាក់ ប្លង់ពីរយកមកឲ្យខ្ញុំប្លង់ទី១គេហៅប្លង់(ដេ) ប្លង់ទី២គឺប្លង់(បេ) ហើយជម្រើសពីរនេះខ្ញុំយកប្លង់(ដេ) ។ មានមូលហេតុពីរដែលខ្ញុំយកប្លង់ដេទី១បើយើងមានរឿងអីជម្លៀសអ្នកចូលរួមក្នុងតែរយៈពេល៧នាទី ហើយទី២ប្លង់ដេនេះងាយស្រួលថែទាំជាងប្លង់បេ ហើយសំភារៈផ្លាស់ប្ដូរក៏មានការងាយស្រួល ផងដែរ»។

សម្ដេច ហ៊ុន សែន បានលើកឡើងទៀតចំពោះថវិកានៃការសាងសង់ពហុកីឡាដ្ឋានជាតិ អូឡាំពិកថ្មី មិនទាន់ មាន ការសន្និដ្ឋានត្រូវចំណាយទឹកប្រាក់អស់ប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែមានការធានា អះ អាង ពីភាគី ចិនថាជាអ្នករ៉ាប់រងទាំងអស់ក្នុងការសាងសង់នេះពោលគឺឲ្យតែ កម្ពុជាពេញចិត្តនិង នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេញចិត្ត។ «ត្រង់ប៉ុន្មានគឺគាត់(ចិន) ជាអ្នកប៉ាវតែប៉ុណ្ណឹងទេ បានសេចក្ដីថាគាត់ធ្វើឲ្យទាំងអស់ហ្មង ប៉ុន្តែព្រឹកមិញឃើញទេចេញមកប្រឹប ចិនជូន១០០លានដុល្លារសម្រាប់ សាងសង់ពហុកីឡាដ្ឋាន នេះហើយជាភ្នំពេញប៉ុស្ដិ៍»។

សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ទៅកាន់កាសែតភ្នំពេញប៉ុស្ដិ៍ថាមិនចាំបាច់ធ្វើការកែតម្រូវនោះទេព្រោះសម្ដេចចាត់ទុកថាសេរីសារព័ត៌មានៅកម្ពុជាបច្ចុនប្បន្នមានភាពសេរីហួសហេតុ។ យ៉ាង ណាក៏ ដោយ សម្ដេច ហ៊ុន សែន បានះអាងម្ដង់ទៀតថា ចិនជាអ្នកធានាក្នុងការសាងសង់ ពហុកីឡាដ្ឋានជាតិ ថ្មីហ្នឹង ប៉ុន្តែមិនទាន់ដឹងច្បាស់ថាចំណាយទឹកប្រាក់អស់ប៉ុន្មាន។

សូមបញ្ជាក់ថា តាមគម្រោងពហុកីឡាដ្ឋានជាតិថ្មីនេះ គ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២០ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះប្រារព្ធស៊ីហ្គេមឆ្នាំ២០២៣៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP