ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីមន្រ្តី នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានប្រាប់អង្គភាព Fresh News ទាំងកណ្តាលអាធ្រាត្រថា នៅម៉ោង ០០៖៣០នាទីយប់ ចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបញ្ហាកើតឡើងដោយ យន្តហោះ ក្រុមហ៊ុន Korea Air ជើងហោះហើរ លេខ KE690 បានជាប់គាំងហ្រ្វាំងកង់យន្តហោះ ពេលរត់លើផ្លូវ (ពីស) ត្រៀមហោះចេញទៅប្រទសកូរ៉េ ប៉ុន្តែមិនមានគ្រោះថ្នាក់ អ្វីដល់អ្នកដំណើរនោះទេ អ្នកដំណើរទាំងអស់ចំនួន ១៥៤នាក់។
មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា បញ្ហាជាប់គាំងហ្រ្វាំងកង់យន្តហោះនេះ បានធ្វើឲ្យយន្តហោះផ្សេងទៀត មិនអាចចុះចតនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញទេ ដោយឲ្យទៅចុះនៅព្រលានយន្តហោះ ខេត្តសៀមរាបវិញ ចំណែកឯយន្តហោះត្រូវហោះឡើងក៏បាន ផ្អាកបណ្តោះអាសន្នសិន។
ដោយឡែកអ្នកដំណើរ ចំនួន១៥៤នាក់ នៅលើយន្តហោះ Korea Air ជើងហោះហើរលេខ KE690 ដែលជាប់គាំងហ្រ្វាំងកង់នោះ ត្រូវបានដឹកតាមរថយន្ត យកមកស្ថានីយវិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល