CamNews

ព័ត៌មានជាតិ 

ក្រុមសហជីព ស្នើឱ្យសមត្ថកិច្ច តាម ចាប់ជនដៃដល់ តែកុំប៉ះពាល់ កម្មករស្លូតត្រង់

ភ្នំពេញ ៖ មេដឹកនាំសហជីព បានអំពាវ នាវ និងជំរុញឱ្យកម្លាំងសមត្ថកិច្ចតាមចាប់ ជនដៃដល់ ដែលបង្កអុកឡុក បំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិ តាមរោងចក្រសហគ្រាស ប៉ុន្ដែ សូមកុំឱ្យប៉ះពាល់ ជនស្លូតត្រង់ដូចជា ក្រុមកម្មករ-កម្មការិនី ដែលនាំគ្នាចូលរួម តវ៉ា ដើម្បីទាមទារសុំដំឡើង ប្រាក់ ឈ្នួល នោះ ។

ការលើកឡើង របស់ប្រធានសហជីព ខាងលើនេះ នៅក្នុងកិច្ចប្រជុំមួយនារសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ជាមួយមន្ដ្រី ឧត្ដមស្នងការ អង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជា និង អាជ្ញាធររាជធានីភ្នំពេញ ។

នៅក្នុងកិច្ចប្រជុំ រវាងត្រីភាគីខាងលើនេះ លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហ ជីពជាតិ នៃឧស្សាហកម្មវាយនភណ្ឌកាត់ ដេរកម្ពុជាបានស្នើសុំឱ្យសមត្ថកិច្ច តាមចាប់ តែជនដៃដល់ ហើយកុំឱ្យប៉ះពាល់អ្នកស្លូត ត្រង់ និងព្យាយាមកុំឱ្យប្រើអំពើហិង្សា ។

លោក សៀ សម្បត្ដិ ប្រធានសហជីព ម្នាក់ផងនោះ បានស្នើសុំកុំឱ្យមានគណបក្ស និងលោក សង្ឃចូលរួមតវ៉ា ពីព្រោះបាតុកម្ម នេះ ធ្វើឡើងដើម្បីតែប្រាក់ខែមួយមុខគត់ ប៉ុណ្ណោះ ។ លោក បន្ដថា ចំពោះការប៉ះទង្គិចគ្នានៅតាមផ្លូវវ៉េងស្រេង សួនកាណាឌីយ៉ា មិនមែនក្រុមការងារ សហជីព របស់លោក នោះទេ តែជាក្រុមស្ទាវផ្សេងទៀត ដូច្នេះ សូមឱ្យអាជ្ញាធរ និងសហជីព ដកថយម្នាក់ បន្ដិច ។

លោក ម៉ក់ ជីតូ ស្នងការស្ដីទីនគរបាល រាជធានីភ្នំពេញ បានលើកឡើងថា កង កម្លាំងសមត្ថកិច្ច ទាំងអស់ មិនបានចាត់ទុក កម្មករ ជាសត្រូវនោះទេ ប៉ុន្ដែ កន្លងមក តែងតែមានជនឆ្លៀតឱកាស នៅពីក្រោយ កម្មករធ្វើការញុះញង់ ដើម្បីឱ្យរករឿង ។ ដោយឡែក លោក កើត ឆែ នាយករដ្ឋ បាលសាលារាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា ទាំងអាជ្ញាធរ និងសមត្ថកិច្ច មិនបានធ្វើបាប កម្មករ កម្មការិនីនោះឡើយ ពោលគ្រាន់តែជាការបោសសំអាតក្រុម អនាធិបតេយ្យ និងសូមឱ្យ សហជីពទាំងអស់ អំពាវនាវកុំឱ្យមានការបិទផ្លូវជាតិ ហើយសម្ដែងមតិយ៉ាងណានោះក៏បាន តែកុំ ឱ្យបិទផ្លូវ ពីព្រោះផ្លូវមិនមែនជាចំណាត់ ខ្មាំងនោះឡើយ ។

លោក កើត ឆែ បានស្នើឱ្យសហជីព សហការគ្នា ទប់ស្កាត់ក្រុមអនាធិបតេយ្យ ដែលដើរបង្កការ អុកឡុក ប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិរបស់រោង ចក្រសហគ្រាស ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ