ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដែលប្រជាពលរដ្ឋ និងសមត្ថកិច្ច សង្ស័យថា ជាអ្នកចម្រៀង ឬ តារាសម្តែង នៅក្លឹបកម្សាន្ត និង នៅហាងផឹកស៊ីណាមួយនោះ បានបើករថយន្ត បុកបុរសវ័យចំណាស់ម្នាក់ពីក្រោយ ពេលគាត់កំពុងជិះម៉ូតូ នៅល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថិតនៅមុខ កាហ្សា តាមផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា នារីវ័យក្មេងរូបនេះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះឡើយ បើករថយន្តម៉ាក ប៊្រូស ពណ៌ស គ្មានស្លាកលេខ តាមបណ្តោយផ្លូវ៤៧ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់មុខកាហ្សា ជិតវត្តភ្នំ ជ្រុលចង្កូត ទៅបុកបុរសវ័យចំណាស់ម្នាក់ កំពុងបើកម៉ូតូតែម្នាក់ឯង បណ្តាលឱ្យដួល ច្រឡោតតោតតូងរងរបួស ។ ប៉ុន្តែក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ នារីវ័យក្មេង មិនបានចុះពីលើរថយន្ត ដើម្បីដោះស្រាយជាមួយជនរងគ្រោះនោះឡើយ បើទោះបីជាសមត្ថកិច្ច និង ប្រជាពលរដ្ឋ ទៅចោមរោមមើល និងចុះជួយអន្តរាគមន៍ ក៏ដោយនោះ ។
មួយសន្ទុះក្រោយមក គេឃើញមានបុរស និងនារី ជាច្រើននាក់ ដែលប្រជាពលរដ្ឋអះអាងថា សុទ្ធតែអ្នកចម្រៀង និងខ្លះជាអ្នកសម្តែងភាពយន្តនោះ បានមកកន្លែងកើតហេតុ ហើយចេញមុខដោះស្រាយ ដោយផ្តល់សំណង ចំនួន ៨០ដុល្លារ ដល់ជនរងគ្រោះ ។
ក្រោយបញ្ចប់ការដោះស្រាយ នារីវ័យក្មេងរូបនេះ បានបើករថយន្តទៅជាមួយមិត្តភក្តិរបស់ខ្លួន ដោយគ្មាននរណាម្នាក់ ស្គាល់ពីអត្តសញ្ញាណនោះទេ ៕