ស្ទឹងត្រែង ៖ មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ សេន សុភ័ក្ត កើតទុក្ខមិនសុខចិត្ត ក្រោយពីនារីម្នាក់ បានជេរ ប្រមាថ ខណៈ បំពេញការងារ ពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវជាតិលេខ៧ ចំណុចចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
មន្រ្តីអាវុធហត្ថស្ទឹងត្រែង បានរៀបរាប់ ស្របពេលចុះបំពេញការងារ ដែលមាន នគរបាលចរាចរណ៍ សហការជា មួយកំលាំងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យជាតិផ្ទុះ និងពិនិត្យជាតិស្រវឹង កាលពីវេលា ម៉ោង២១ និង០០នាទី យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ខណៈនោះ មានប្រុសស្រីមួយក្រុម ជិះរថយន្ត ម៉ាកវីហ្គោ មក ដល់ចំណុច ដែលសមត្ថកិច្ច កំពុងអនុវត្តការងារ ហើយនគរបាលចរាចរណ៍ បានឱ្យម្ចាស់រថយន្តវីហ្គោនោះ បន្ថយល្បឿន ឈប់ ដើម្បីពិនិត្យជាតិអាកុល និងអាវុធជាតិផ្ទុះ តែទីបំផុតអ្នកនៅក្នុងរថយន្តវីហ្គោនោះ មានស្ថានភាព ស្រវឹង ជោគជាំ ហើយចុះពីលើរថយន្ត ជេរប្រមាថសមត្ថកិច្ច ពេលនោះ កំលាំងអាវុធហត្ថ ឃើញក្រុមប្រុសស្រី និយាយ មិនដឹងអី ក៏បាននាំមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។
មន្រ្តីអាវុធហត្ថបានបន្តឱ្យដឹងថា ពេលមកដល់ទីបញ្ជាការភ្លាម បានអញ្ជើញក្រុមអ្នកស្រវឹងចុះ ពីរថយន្ត ហើយ ស្រ្តីម្នាក់នៅក្នុងរថយន្តបានចុះមកជេរប្រមាថ និងយកស្បែកជើងវាយក្បាល មន្រ្តីអាវុធ ម្នាក់ឈ្មោះ សេន សុភ័ក្ត ។
អ្វីដែលជារឿងអយុត្តិធម៌ ស្រ្តីដែលជេរប្រមាថ និងក្រុមស្រវឹងទាំងត្រូវបានដោះស្រាយឱ្យទៅ វិញភ្លាមៗ ចំពោះ ករណីយកស្បែក ជើងវាយក្បាល មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ សេន សុភ័ក្ត ក្រុមសមត្ថកិច្ចគ្នាឯង មិនបាន រវីរវល់ឡើយ ។ ដែលគេសង្ស័យថា ប្រហែលជាក្រុមសវឹងនោះ បានបិតមាត់ អាវុធ ហត្ថជំនាញអស់ហើយ ទើប មិនអើពើ ករណីយកស្បែកជើង វាយលើសមត្ថកិច្ចអាវុធហត្ថ ដែលបំពេញ ការងារ ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ស្ត្រីដែលវាយក្បាល ទៅលើសមត្ថកិច្ចមានឈ្មោះ សំ កក្កដា អាយុ៣០ឆ្នាំ រស់នៅ ភូមិឫស្សី១ ឃុំម៉ុង ស្រុក មោងប្ញស្សី ខេត្តបាត់ដំបង ។ រីឯក្រុមអ្នកស្រវឹង ទី១ មានឈ្មោះ រស់ បូរ័ត្ន អាយុ៤៩ឆ្នាំ ជា ពេទ្យ យោធា រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២ មានឈ្មោះ កឿម សុភា ភេទ ប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឫស្សី១ ឃុំម៉ុង ស្រុក មោងប្ញស្សី ខេត្តបាត់ដំបង និង ទី៣ឈ្មោះ សុខ ចាន់ផល ភេទប្រុស អាយុ៣៥ឆ្នាំ មេការក្រុមហ៊ុន ដុងណាយ រស់នៅឃុំអូរកណ្តៀ ស្រុកសំបូរខេត្តក្រចេះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល