CamNews

ព័ត៌មានជាតិ 

រថយន្តលុច្សស៊ីស បុកអ្នកជិះកង់ស្លាប់ អ្នកបើករថយន្ត ជាសមាជិក ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា

-ជនរងគ្រោះជានិស្សិតនៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុច្សស៊ីស RX-300 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2Q-8814 កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ ដែលបណ្តាល ឲ្យអ្នកជិះកង់ម្នាក់ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ ត្រូវបានសមត្ថកិច្ចអះអាងថា អ្នក បើករថយន្តគឺមន្ត្រីយោធា ហើយជាសមាជិកក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន រិទ្ធី អាយុ ២៣ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ និងមានស្រុកកំណើត នៅខេត្តសៀមរាប ។ ដោយឡែកអ្នកបើករថយន្តលុច្សស៊ីស ឈ្មោះ ណយ ណារិន អាយុជាង ៣០ឆ្នាំ ។

ក្រោយកើតហេតុ អ្នកបើករថយន្តលុច្សស៊ីស និងរថយន្តរបស់ខ្លួនត្រូវបានសមត្ថកិច្ច យកទៅសួរនាំ និងរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលសពយុវជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អាន៖ រថយន្តលុច្សស៊ីស RX-300 បុកអ្នកជិះកង់ស្លាប់ នៅជិតវិមានឯករាជ្យ

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល



Tags: social News Cambodia PP