កណ្ដាល ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅជើង ភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល បានផ្ទុះការ ភ្ញាក់ផ្អើល បន្ទាប់ពីពួកគាត់ បានទទួលព័ត៌ មានថា វត្ថុបុរាណដែលមាន តម្លៃ ត្រូវគេ តម្កល់ទុកនៅក្នុងសក្យមុនីចេតីយ លើភ្នំព្រះ រាជទ្រព្យ ត្រូវបានចោរចូលលួច កាលពី ម៉ោង ១យប់រំលងអាធ្រាត្រ ព្រឹកថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ប៉ុន្ដែពុំទាន់ មានការប្រកាសជា ផ្លូវការ ពីសំណាក់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ដែលគ្រប់គ្រងលើ ការងារទាំងនេះ ព្រមទាំង អាជ្ញាធរនិងសមត្ថ កិច្ចនៅឡើយទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់ នៅជើងភ្នំព្រះរាជទ្រព្យ បានឱ្យដឹងថា វត្ថុ បុរាណដែលមាន តម្លៃ ហើយត្រូវបានក្រសួង វប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ យកទៅតម្កល់ ទុកក្នុងសក្យមុនីចេតីយ នៅលើកំពូលភ្នំព្រះ រាជទ្រព្យ ត្រូវបានជនមិនស្គាល់មុខ ចូលលួច យកទៅបាត់ បើទោះបីទីតាំង តម្កល់វត្ថុ បុរាណ ដែលមានតម្លៃខាងលើនេះ ត្រូវបាន យាមកាមពីក្រុមការងារជាបុគ្គលិកបណ្ដែត ចំនួន២៣នាក់ក៏ដោយនោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្ដថា បុគ្គលិកបណ្ដែត ដែលជាអ្នកយាមប្រចាំការ នៅទីនោះ មានចំនួន២៣នាក់ ដោយយាម នៅ៣ជុំ ហើយបុគ្គលិក ម្នាក់ៗទទួលបានប្រាក់ ខែ ចំនួន១៤ម៉ឺន រៀល ។
ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀត ថា នៅពេលដែលមានជនមិនស្គាល់មុខចូល លួចវត្ថុ បុរាណខាងលើនេះ ប្រធានក្រុមរបស់ បុគ្គលិកបណ្ដែត មិនមានវត្ដមាននៅទីនោះ ឡើយ ។
យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ ពុំទាន់មាន ការបញ្ជាក់ជា ផ្លូវការ ពីសំណាក់ក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ ខេត្ដ អាជ្ញាធរ សមត្ថកិច្ច ខេត្ដកណ្ដាលនោះ ជុំវិញករណីទាំងនេះ ។
ដោយឡែកវត្ថុបុរាណ ដែលមានតម្លៃ ហើយត្រូវបានចោរចូលលួចយកទៅបាត់ នោះ ក៏មិនទាន់ដឹង ថា ជាប្រភេទវត្ថុបុរាណ បែបណានៅឡើយដែរ ។ ចំពោះរឿងរ៉ាវ ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងធ្វើការតាមដានផ្សព្វផ្សាយបន្ដទៀត នៅ ពេលទទួលបានព័ត៌មានលំអិត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល