ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើឱ្យអ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកសុរិយា ប្រាសាទស៊ូប៊ែរឌី ឱ្យប្រាប់ថ្នាក់ ដឹកនាំ គណបក្សសង្គ្រោះជាតិចូលប្រជុំសភាជាមុន សិន មុននឹងដោះស្រាយបញ្ហា ។
ការស្នើសុំរបស់សម្ដេចនាយករដ្ឋមន្ដ្រី ខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សា ការងារ ដែល សម្ដេចអនុញ្ញាតឱ្យលោកស៊ូប៊ែរឌី ចូលជួបរយៈពេល៣ម៉ោងកន្លះ ចាប់ពីវេលាម៉ោង៩ព្រឹក រហូត ដល់ម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅ វិមានសន្ដិភាព ក្នុងដំណើរ ទស្សនកិច្ចជាផ្លូវការ របស់មន្ដ្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិរូបនេះ នៅកម្ពុជា រយៈពេល មួយសបា្ដហ៍ ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់អ្នក កាសែតឱ្យដឹងថា នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារខាង លើនេះ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រាប់អ្នករាយការណ៍ពិសេសលោកស៊ូប៊ែរឌីថា គណបក្សប្រជា ជន នៅតែបើកទ្វារចំហរ ចរចាដោយសន្ដិវិធី ជាមួយគណបក្សសង្គ្រោះជាតិ ។
លោកឱម យ៉ិនទៀង បានបន្ដទៀតថា ក្នុងជំនួបពិភាក្សាការងារខាងលើ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានស្នើឱ្យលោកស៊ូប៊ែរឌី ទៅប្រាប់គណបក្សប្រឆាំង ឱ្យចូលសភា ជាមុនសិន ដើម្បីបើកការ ចរចាគ្នា ។ ជាការឆ្លើយតប លោកសុរិយា ប្រាសាទស៊ូប៊ែរឌី បានជំរាបជូនសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយឯកភាពយក សំណើទាំងនេះ ទៅប្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល