កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល ខេត្តកំពង់ចាម សហការជាមួយនគរបាល ស្រុកកំពង់សៀម កាលពី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយក្មេង ស្រីមិនទាន់គ្រប់អាយុ ។
លោក ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា កម្លាំងរបស់លោក បានឃាត់ខ្លួន ជនសង្ស័យ ពាក់ព័ន្ធ នឹងករណីរួមភេទ ជាមួយអនីតិជន ដែលប្រព្រឹត្ត ទៅកាល ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ យីហោ មានពេជ្រ ស្ថិត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្ត កំពង់ចាម ។ លោក ចាន់ ហោ បានបន្តថា ជនសង្ស័យឈ្មោះ ផុន សុភា អាយុ២៤ ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម រីឯនារីរងគ្រោះ ឈ្មោះ សសណ អាយុ១៤ឆ្នាំ រស់នៅ ភូមិពាមក្នុង ឃុំព្រែកក្របៅ ខេត្តកំពង់ចាម ។
បើតាមមន្រ្តី នគរបាលរូបនេះ ជនសង្ស័យបានបោកបញ្ឆោត និងលួងលោម ក្មេងស្រីរងគ្រោះ រហូតនាំនាងឡើងទៅផ្ទះសំណាក់ ហើយធ្វើការ ចាប់រំលោភតែម្តង ។ ការចាប់រំលោភជាច្រើន និងទាំងកំរោល យ៉ាងដូច្នេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះ ធ្លាក់ខ្លួនឈឺ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ ទៀតផង។
មន្រ្តីនគរបាល បានបន្តទៀតថា បន្ទាប់ពីមាន ពាក្យបណ្តឹង ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ចំពោះបទល្មើស មួយនេះភ្លាម ស្នងការនគរបាលខេត្តបានបញ្ជា ឲ្យការិយាល័យ ជំនាញ និងនគរបាលមូលដ្ឋានចុះធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល