ខេត្តកណ្តាលៈ ជាងជួសជុលម៉ូតូម្នាក់ បានតចរន្តអគ្គិសនី ចេញពីរោងជួសជុលម៉ូតូ ទៅមាត់អូរខាងក្រោយរោង ដើម្បីឆក់ត្រីយក មកធ្វើម្ហូប ប៉ុន្តែភ្លាត់ឆ្នៀត ត្រូវចរន្តអគ្គិសនីឆក់ខ្លួនឯងស្លាប់ តែម្តងទៅ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចមាត់អូរ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ តុលា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាជាងជួសជុលម៉ូតូ ស្នាក់នៅ ក្នុងតូបជួសជុលម៉ូតូ មានស្រុកកំណើតនៅ ភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានតចរន្តអគ្គិសនី ចេញពីតូបជួសជុលម៉ូតូរបស់ខ្លួន រាយខ្សែភ្លើងទៅកាន់ មាត់អូរ ខាងក្រោយតូបដែលមានចំងាយ ប្រមាណជា៥០ម៉ែត្រ ពីតូបដើម្បីឆក់ត្រី យកមកធ្វើម្ហូប ពេលដែលរៀបចំរួច ចាប់ផ្តើម ឆក់ត្រី មិនដឹងជាភ្លាត់ឆ្នៀតយ៉ាងម៉េចនោះទេ ស្រាប់តែ ឆក់ខ្លួនឯងបណ្តាលឲ្យដួល នៅនឹងមាត់អូរនោះតែម្តងទៅ បន្តិចក្រោយមក ប្រពន្ធ របស់ជនរងគ្រោះចេញពីធ្វើការ ទៅដល់តូបមិនឃើញប្តី ឃើញតែខ្សែភ្លើងតចេញពីតូប ក៏បានដើរតាមខ្សែភ្លើងនោះរហូត ដល់មាត់អូរស្រាប់តែឃើញប្តី របស់ខ្លួនត្រូវបានខ្សែភ្លើងឆក់ដួល នៅនឹងមាត់អូរ ក៏ស្រែកឲ្យអ្នកជិតខាង ជួយពេលនោះមិនទាន់ ដាច់ខ្យល់ នៅឡើយទេ ភ្លាមៗអ្នកជិតខាងឆោឡោ នាំគ្នាទៅជួយលើកជនរងគ្រោះ យកដល់តូបជួសជុលម៉ូតូបានបន្តិច ក៏ដាច់ ខ្យល់ស្លាប់តែម្តងទៅ ។ ក្រោយមកក្រុមគ្រួសារបានប្តឹងឲ្យ នគរបាលយើងមកពិនិត្យសាកសព នគរបាលបន្ទាប់ពីពិនិត្យរួច សន្និដ្ឋានថា ជនរងគ្រោះពិតជា ចរន្តអគ្គិសនីឆក់ស្លាប់ ដោយខ្លួងឯងម៉ែត រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕