CamNews

ព័ត៌មានជាតិ 

នាយករដ្ឋមន្ត្រី ប្រ​កាស​ថា ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ តឹង​ជាង​ឆ្នាំ​មុខ​ទៅ​ទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា សម្រាប់ការប្រឡង់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៥នេះ គឺមានភាពតឹងតែងជាងឆ្នាំ២០១៤ទៅ​ទៀត។

ការថ្លែងមានប្រសាសន៍បញ្ជាក់របស់ប្រមុខដឹកនាំប្រទេសបែបនេះ ធ្វើឡើងនៅក្នុងពេលដែល សម្តេចអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបជិត ២ពាន់នាក់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នាវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
សម្តេចតេជោ បានមានប្រសាសន៍ថា “ប្រឡងបាក់ឌុបក្នុងខែសីហា ក្មួយៗអើយ អត់មានបន្ធូរទេ តិចឃើញធ្លាក់ច្រើនហើយ ចាប់ផ្តើមស្ទួចពិន្ទុ អត់ទេណា អីចឹងឧត្តមសិក្សា របស់យើងនៅតែខ្សោយ។ អីចឹងទេត្រូវពង្រឹង អត់មានពង្រឹងតែឆ្នាំ២០១៤ទេ ២០១៥ហ្នឹងក៏បន្ត គឺបន្តរហូត ដល់ចាប់ផ្តើមមានកន្លែងផ្លុកហើយ គឺពីក្រោមត្រូវប្រឹង បើមិនមានបារាស់នៅកន្លែងហ្នឹងទេ គឺពីក្រោមអត់ប្រឹងទេ អត់រៀនតែម្តង បើចាំដល់ពេលហ្នឹង ស៊ីសសួសគ្នាបោះប្រ៊ីយ៉ុងឡើងចុះ ជាប់ពេញទឹកពេញដីទាំងអស់ អីចឹងទេ គឺរឿងនេះ គឺអត់ថយទេ អំពីការពង្រឹងគុណភាព ក្នុងវិស័យអប់រំរបស់យើង”។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ចាក់ថា សម្រាប់ ការប្រឡងបាក់ឌុប នៅក្នុងឆ្នាំ២០១៥នេះ គឺមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ ហើយប្រសិនបើបេក្ខជនប្រឡង បានធ្វើខុសនូវលក្ខន្តិកៈនៃការប្រឡងទៀតនោះ គឺអាចជាប់ពន្ធនាគាររហូតដល់ទៅ ៦ខែក៏មានដែរ។

គួររំលឹកថា កាលពីប្រឡងបាក់ឌុប ក្នុងឆ្នាំ២០១៤កន្លងទៅនោះ ក្រសួងអប់រំ យុវជន និងកីឡា បានរឹងបន្តឹងក្នុងការប្រឡងជានេះជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង ២.០០០នាក់ បានចូលរួមសង្កេត ការណ៍ទៀតផង ដែលកត្តាទាំងអស់នេះ បានធ្វើឲ្យការប្រឡងមានភាពសុក្រឹត និងប្រកបដោយគុណភាពផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP