CamNews

ព័ត៌មានជាតិ 

រលំបង្គោលភ្លើង ទុស្សេឆេះខ្សែភ្លើង ស្ទះចរាចរ តាមផ្លូវវ៉េងស្រេង ជាងកន្លះម៉ោង

ភ្នំពេញៈ បង្គោលខ្សែភ្លើង តាមបណ្តោយ ចិញ្ចើមផ្លូវវ៉េងស្រេង រលំ រួចហើយទុស្សេខ្សែភ្លើង
បណ្តាលឲ្យឆេះ ខ្សែភ្លើងយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យអ្នកធ្វើដំណើរ តាមបណ្តោយផ្លូវនេះ មាន
ការកកស្ទះចរាចរ អស់រយៈពេល ប្រហែលជាជាងកន្លះម៉ោង ប៉ុន្តែក្នុងហេតុការណ៍នោះ ពុំ
បណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
ស្ថិតនៅតាម បណ្តោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជ
ធានីភ្នំពេញ ។

ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ បាននិយាយថា បង្គោលភ្លើងនោះ ទ្រេត ដោយ
សារតែបាក់ ផ្នែកខាង គល់បង្គោលកប់នៅក្នុងដីនោះ រួចហើយធ្វើឲ្យខ្សែភ្លើង ដែលគេតខ្វែងខ្វាត់
នៅលើបង្គោលភ្លើងដាច់ឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យមានការកកស្ទះចរាចរ
ប្រហែលជាជាងកន្លះម៉ោង ទើបធ្វើចរាចរ បានវិញ ។

ប្រជាពលរដ្ឋ បានបន្តទៀតថា ក្រោយពីហេតុការណ៍នេះ បានកើតឡើង សមត្ថកិច្ច បានចុះទៅ
ជួយអន្តរាគមន៍ ហើយពន្លត់អគ្គិភ័យ ប្រចាំនៅសាលាខណ្ឌពោធិ៍សែនជ័យ បានទៅបាញ់ពន្លត់
ដោយប្រើទឹកអស់ចំនួន មួយរថយន្តផងដែរ ទើបរលត់ទៅវិញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ