ភ្នំពេញ៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត គណៈកម្មការសិក្សា ស្រាវជ្រាវកែ ទម្រង់ លើការបោះឆ្នោត ហើយកាលពីចុងឆ្នាំ២០១៣ ដែលគណៈកម្មការនេះ មានលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន។
សារព័ត៌មាន AKP បានរាយការណ៍ថា សេចក្តីសម្រេច នេះមាន ៤ប្រការ គឺទី១-គណៈកម្មការ នោះមាន សមាសភាព ថ្នាក់ដឹកនាំជាន់ ខ្ពស់ចំនួន ១០ រូបគឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាសមាជិក លោក ប៉ាន សូរស័ក្តិ រដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្មលោក កើត រិទ្ធិ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ជាសមាជិក លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសមាជិក លោក ឌុច សុន អគ្គនាយករដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃជាសមាជិក លោកឧត្តមសេនីយ៍ឯក ប៉ូ លីដា ប្រធានក្រុមប្រឹក្សា នីតិកម្ម ក្រសួង មហាផ្ទៃជាសមាជិក និងលោក ប្រាក់ សំអឿន ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ ក្រសួងមហាផ្ទៃ ជាសមាជិក។
ប្រការ២ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ អំពីច្បាប់ លិខិត បទដ្ឋាននានា និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធ និងការបោះឆ្នោត ពីបណ្ដា ប្រទេសនានា និងរៀបចំសិក្ខាសាលា ថ្នាក់ជាតិដើម្បីប្រមែប្រមូលមតិយោបល់ និងអនុសាសន៍ នានា ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ រួមមានតំណាងស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិតំណាង គណបក្សនយោបាយ ដែលចុះបញ្ជី តំណាងគណៈកម្មាធិការរៀបចំ ការបោះឆ្នោត តំណាង សង្គមស៊ីវិល អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ស្ថាប័ន និងអ្នកពាក់ព័ន្ធដទៃទៀត សំដៅ ឲ្យបាននូវ ក្រមខណ្ឌ កំណែទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍ នៃលិខិតប្រជាធិប តេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ហើយគណៈកម្មាធិការនេះ មានតួនាទីធ្វើរបាយការណ៍ ជូន នាយករដ្ឋមន្ត្រី អំពីលទ្ធផល នៃសិក្ខាសាលាដែល រួមមាន មតិយោបល់ និងអនុសាសន៍នានា ដើម្បីកសាងក្រប ខណ្ឌកំណែទម្រង់ការបោះឆ្នោត ដើម្បីស្នើសុំ គោលការណ៍ នាយករដ្ឋមន្ត្រី ដាក់ប្រជុំឆ្លង គណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។
ប្រការទី៣ នៃសេចក្តីស្រេចដែលចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នោះបាន បញ្ជាក់ថា គណៈកម្មការសិក្សាស្រាវជ្រាវ កែទម្រង់ការបោះឆ្នោតនេះមានសិទ្ធិ ប្រើប្រាស់ត្រា និងថវិការបស់ ក្រសួងមហាផ្ទៃ និងប្រកាសទី ៤ បានបញ្ជាក់ថា រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនិងសមាសភាព ដូចមានចែងនៅក្នុងប្រការ១ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះ ហត្ថលេខា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល