រាជធានីភ្នំពេញ ៖ លោកតាព្រឹទ្ធភិរម្យប្រាជ្ញ ឈួន អ្នកដេញចាប៉ីដងវែងដ៏ល្បីល្បាញត្រូវក្រុមគ្រួសារសាច់ញាតិបញ្ជូនមកសំរាកព្យាបាលនៅមន ្ទីរពេទ្យកាល់ម៉ែត ក្នុងវ័យ៧៥ឆ្នាំ បន្ទាប់ពីលោកតាមានអាការស្ពឹកមួយចំហៀងខ្លួន ហើយនេះក៏ជាការចូលពេទ្យជាលើកទី២របស់លោកតាព្រឹទ្ធភិរម្យប្រាជ្ញ ឈួន ផងដែរ ។ ភរិយារបស់លោកតាព្រឹទ្ធភិរម្យមានឈ្មោះអ៊ុក ព្រីង វ័យ៦២ឆ្នាំ បានមានប្រសាសន៍ថា លោកព្រឹទ្ធភិរម្យមានអាការមិនស្រួលខ្លួន ដោយសារស្ពឹកមួយចំហៀងផ្នែកខាងស្តាំ និងនិយាយមិនរួច នៅថ្ងៃទី១ មករា ២០១១ ទើបក្រុមគ្រួសារសាច់ញាតិប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ ព្រោះបច្ចុប្បន្នលោកតាមកស្នាក់នៅក្នុងភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ពេលទៅដល់មន្ទីរពេទ្យ ខេត្តតាកែវ លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ទទួលការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកនាយកមន្ទីរពេទ្យ ប៉ុន្តែដោយសារអាការរោគមិនអំណោយផល ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនាថ្ងៃដដែលដើម្បីបន្តការជួយសង្គ្រោះ ។ អស់រយៈពេលបួនថ្ងៃកន្លងមកនេះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតបានត្រួតពិនិត្យ និងតាមដានអាការលោកតាព្រឹទ្ធភិរម្យប្រាជ្ញ ឈួន យ៉ាងយកចិត្តទុកដាក់ រហូតធ្វើឱ្យលោកតាអាចនិយាយបាន ប៉ុន្តែនៅស្ពឹកមួយចំហៀងខ្លួនផ្នែកខាងស្តាំ ធ្វើឱ្យដើរមិនរួចដដែល ។ គួររំលឹកផងដែរថា លោកព្រឹទ្ធភិរម្យប្រាជ្ញ ឈួន និងភរិយាឈ្មោះអ៊ុក ព្រីង មានកូនប្រុសចំនួន៥នាក់ បច្ចុប្បន្នលោកតារស់នៅភូមិស្រម៉ ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ហើយជីវភាពមិនជាធូរធារនោះទេ ។ លោកតាព្រឹទ្ធភិរម្យប្រាជ្ញ ឈួន ចេះដេញចាប៉ីដងវែងតាំងពី អាយុ៨ឆ្នាំមកម៉្លេះ ។ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.