ព្រះសីហនុៈ នាយកក្រឡាបញ្ជី សាលាដំបូង ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥នេះ បានបើករថយន្តបុកស្រ្តីម្នាក់ ជាភរិយានាយរងផ្នែក រដ្ឋបាលព្រៃឈើ ស្រុកព្រៃនប់ ស្ថិតនៅត្រង់ចំណុច ផ្លូវឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ អាចនឹងបាក់ជើងទាំងពីរ និងបែកក្បាល ។
សក្សីនៅកន្លែងកើតហេតុ បាននិយាយថាគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ខណៈដែល ស្ត្រីរងគ្រោះ កំពុងដើរឆ្លងផ្លូវ ពេលនោះ នាយកក្រឡាបញ្ជីសាលាដំបូងខេត្តព្រះហនុ លោក ផន ផា កំពុងបើករថយន្ត ម៉ាកលុច្សស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-3738 ក្នុងទិសដៅពីកើតទៅលិច វាក់អើ ក៏កាច់ចង្កូតមកស្តាំដៃ ខណៈដែលស្ត្រីរងគ្រោះដើរបកក្រោយ ក៏បុកពេញមួយទំហឹង បណ្តាលឲ្យប៉ើង ៤-៥ម៉ែត្រ ហើយខ្ទាត់ឆ្អឹងចេញពីជើង និងបែកក្បាល យ៉ាងធ្ងន់ធ្ងរ។
សាក្សីបន្តថា ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក លោក ផន ផា បានគេចចេញពីកន្លែងកើត ហេតុ ដោយទុករថយន្តចោល រីឯស្ត្រីរងគ្រោះ ជាភរិយាលោក ស៊ឹម វណ្ណារ៉ាក់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកព្រៃនប់ ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោក ខេត្តព្រះសីហនុ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល