សៀមរាប៖ ពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមជារដូវ នៃការធ្វើបុណ្យទាន សន្សំបុណ្យនោះទេ តែជារដូវកាល នៃការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងរយៈពេលខ្លីផងដែរ ។ រមណីយដ្ឋាននានា ត្រូវបានណែន ណាន់ តាន់តាប់ ទៅដោយមនុស្សម្នា ជាច្រើន ពិសេសតាម តំបន់មាត់សមុទ្រ និង តំបន់សម្បូរ ប្រាសាទ បុរាណ ព្រោះបច្ចុប្បន្នជីវភាព របស់ប្រជាជនកម្ពុជា មានភាពប្រសើរឡើង មានសន្តិសុខគ្រប់គ្រាន់ មានមធ្យោបាយ ធ្វើដំណើរសមស្រប ។
ថ្ងៃនេះគេហទំព័រ LookingTODAY សុំនាំយកទេសភាព ដ៏ត្រកាលនៃតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ និងធម្មជាតិ ភ្នំគូលែន ដែលមិនត្រឹមជាទី កន្លែងកំសាន្ត បែបប្រវត្តិសាស្ត្រ និង ធម្មជាតិទេ ក៏ជា កន្លែងសក្ការៈបូជា ដ៏ស័ក្តិសិទ្ធផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមក ដោយមាន ប្រជាជនខ្មែរ ជាច្រើន ទៅកំសាន្តលើរមណីយដ្ឋាន ដ៏ត្រកាលនេះ ។ តែ អ្វីដែលសំខាន់ ពួកគេទទួលបានអារម្មណ៍ ដ៏ស្រស់ស្រាយ ពីធម្មជាតិ ដ៏អំណោយផល ទោះជាមានការរិះគន់ លើអនាម័យ សំរាមពាសវាល ពាសកាល ស្ទើរតែពេញខ្នងភ្នំបន្តិចក្ដី ។
បញ្ហានេះដោយសារតែអ្នក ទៅកំសាន្តខ្លះ ខ្វះការអប់រំចោលសំរាម ផ្ដេសផ្ដាស ធ្វើឲ្យខូចសោភ័ណ្ឌភាព អស់ ។អ្វីដែលកាន់តែសំខាន់ លើភ្នំមួយ ទាំងមូល មានបន្ទប់ទឹក តែបីបួនប៉ុណ្ណោះ ចំណែកឯ អ្នកទៅ កំសាន្ត មានចំនួនច្រើន ធ្វើឲ្យស្ទះបន្ទប់ទឹក ហើយឈរតម្រង់ជួរគ្នា ដែលក្លាយជា ទេសភាពមិនល្អ មើលទាល់តែសោះ ។
ចំណែកឯអ្នកសុំទានវិញ មានតាំងពីកាំជណ្ដើរទី១ ឡើងព្រះអង្គធំ រហូតដល់បញ្ចប់ កាំជណ្ដើរចុងក្រោយ ដែលជាទស្សនីយភាពមិនស្អាត មិនស្រស់ ដើម្បីបង្អួតភ្ញៀវជាតិ និងអន្តរជាតិទាល់តែសោះ ។ ចំណែក ឯផ្លូវឡើងភ្នំវិញ មានការអភិវឌ្ឍន៍ តិចតួចបំផុត ឬស្ទើរតែគ្មាន ដែលទាមទារ ឲ្យមានការធ្វើបន្ថែមទៀត ដើម្បីធ្វើឲ្យ ភ្ញៀវទេសចរណ៍ ចង់មកកំសាន្តម្ដងទៀត ព្រោះរមណីយដ្ឋាននេះ មានលក្ខណៈអំណោយ ផលពីធម្មជាតិ ជាច្រើន ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល