ភ្នំពេញ៖ ក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានរងការចោទប្រកាន់ពីអតិថិជន ដែលជាអ្នកដំណើរ ដែលបានទិញសំបុត្ររបស់ ក្រុមហ៊ុនដឹកជញ្ជូនខាងលើនេះ ទៅកាន់ខេត្តព្រះសីហនុក្នុងតម្លៃ ៣៥០០០ រៀលក្នុងម្នាក់ តែបែរជាក្រុមហ៊ុននេះ ឲ្យអ្នកដំណើរ ទៅជិះរថយន្តឈ្នួលតួរីស ក្នុងតម្លៃតែ ១៥០០០ រៀលក្នុងម្នាក់ទៅវិញ ដែលឆ្លៀតគេងប្រវ័ញ្ច ។
ប្តីប្រពន្ធពីរនាក់ ដែលជាអ្នកដំណើរមកពីខេត្តមកដល់ទីក្រុងភ្នំពេញ ដើម្បីបន្តទៅលេងកូននៅ ខេត្តព្រះសីហនុ ត្រូវបានអ្នកជិតខាងស្គាល់កើតទុក្ខមិនសុខចិត្ត ដោយថតរូបរបស់ប្តីប្រពន្ធទាំងពីរនាក់នោះ និងរៀបរាប់ពីដំណើរ ដែលត្រូវក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ បោកប្រាស់ និងកេងប្រវ័ញ្ចពួកគាត់ ដោយចាត់ទុកថា អ្នកស្រែល្ងង់មិនដឹងអីនោះ ។
រឿងរ៉ាវហួសចិត្តនេះ ត្រូវបានភរិយាតារាចម្រៀងម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក មួន ម៉ារ៉ា ទម្លាយតាមរយៈគេហទំព័រ Facebook បានសម្ភាសន៍ប្តីប្រពន្ធទាំង២នាក់នោះ ហើយសរសេរសារយ៉ាងវែងមួយបង្ហោះចែកចាយតៗគ្នា ។
ភរិយាតារាចម្រៀង មួន ម៉ារ៉ា បានសរសេរថា «ខ្ញុំបានជួបរឿងមួយដែលគួរឲ្យហួសចិត្តខ្លាំងណាស់...គឺថាអ៊ុំប្រុស និងអ៊ុំស្រីពីរនាក់ ។ គាត់ត្រូវបានក្រុមហ៊ុនឡានក្រុងឈ្មោះ លី ហុង បោកប្រាស់ដោយមានពួកម៉ូតូឌុបរួមដៃជាមួយផងដែរ...អ៊ុំប្រុសគាត់ឈ្មោះ បុន ហើយប្រពន្ធគាត់មានឈ្មោះថា ហ៊ិន... ។ គាត់ទាំងពីរនាក់មកលេង កូនគាត់នៅជិតផ្ទះរបស់ខ្ញុំ (ក្រុងព្រះសីហនុ) ហើយពេលគាត់មកដល់ភ្នំពេញ ក៏មានម៉ូតូឌុបមួយមកសួរគាត់ថា អ៊ុំទៅណា ហើយមានសំបុត្រឡាន ឬនៅ? គាត់ក៏ឆ្លើយថា ខ្ញុំទៅកំពង់សោម ហើយមិនទាន់មានសំបុត្រទេ ។ ម៉ូតូឌុបរូបនោះក៏ប្រាប់ថា ចឹងចាំខ្ញុំនាំទៅ...។ ពេលទៅទិញសំបុត្រមួយមានតម្លៃ ៣៥០០០ រៀល ចឹងហើយគាត់ក៏ទិញពីរសំបុត្រអស់ ៧០០០០ រៀល» ។
ភរិយាម្ចាស់បទចម្រៀង «អូនទៅភ្នំពេញ» បានបន្តទៀតថា បន្ទាប់ពីទិញរួច អ្នកធ្វើការនៅក្រុមហ៊ុននោះ ក៏ជូនពួកគាត់មកដោយជិះតុកៗ មកឡើងជិះរថយន្តតួរីសវិញ...ហើយអ្នកធ្វើការនោះក៏ឲ្យលុយទៅម្ចាស់រថយន្តឈ្មួលតួរីស ចំនួន ៣០០០០ រៀល (ម្នាក់១៥០០០រៀល)...ប៉ុន្តែជាក់ស្តែងក្រុមហ៊ុន លី ហុង នោះគ្មានសាខានៅកំពង់សោមទេ ហើយមិនត្រឹមតែប៉ុណ្ណោះគេបានឆូតប្តូរទិសដៅពីប៉ោយប៉ែតមកកំពង់សោមវិញ ។...ពូខ្ញុំក៏បានទូរស័ព្ទទៅសួរថាហេតុអីបានឲ្យគាត់ជិះតួរីសមកវិញ? គេក៏បានឆ្លើយថា ឡានក្រុងអស់ហើយ ។...ពូខ្ញុំក៏សួរទៀតថា បើអស់ហេតុអីក៏មិនឲ្យលុយគាត់វិញ? គេក៏គម្រាមពូខ្ញុំថា បើនិយាយអីមិនសមទៀតប្រយ័ត្នគេបិទលេខគាត់ចោល ហើយបន្ទាប់មកគេក៏ចុចបិទទូរសព្ទ័ពូខ្ញុំទៅ ។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានទូរស័ព្ទទៅម្តង ខ្ញុំក៏ធ្វើជាសួរថា «បងមានឡានពីកំពង់សោម ទៅភ្នំពេញទេ ខ្ញុំចង់ទៅភ្នំពេញស្អែក? គេក៏ឆ្លើយថា «អត់មានទេ ខាងខ្ញុំគ្មានសាខានៅកំពង់សោមទេ» ។
ភរិយាលោក មួន ម៉ារ៉ា បានសរសេទៀតថា «ខ្ញុំមិនយល់សោះ ហេតុអីក្រុមហ៊ុន លី ហុង នេះបោកប្រាស់គេបែបនេះ? រឺក៏គិតថាគាត់ជាអ្នកស្រែ គាត់មិនដឹងអីបានជាគេង ចំណេញគាត់ចឹង? សូមបងប្អូនដែលនិយមលេង Facebook ជួយ Share ឲ្យមិត្តភក្តិទាំអស់គ្នាបានដឹងផង... ហើយដើម្បីកុំឲ្យក្រុមហ៊ុនឡានក្រុង លី ហុង នោះនៅតែធ្វើអំពើថោកទាបបែបនេះទៀត» ។
យ៉ាងណានៅល្ងាចថ្ងៃទី១៩ ខែឧសភានេះ គេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចទំនាក់ទំនងក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ ដើម្បីសុំការបញ្ជាក់ ពីការចោទប្រកាន់ខាងលើបាននៅឡើយនោះទេ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល