ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើង រវាងរថយន្តមែកសឺដែស បុកគ្នាជាមួយ និងម៉ូតូវីវ៉ា ពេញទំហឹង បណ្តាលឱ្យរថយន្ត និង ម៉ូតូរងការខូចខាតសំណាង ល្អអ្នកជិះរងរបួសស្រាល កាលពីវេលាម៉ោង១១ និង៣០ នាទី យប់ ថ្ងៃទី១៣ វិច្ឆិកា ២០១៤ នៅចំណុចផ្លូវព្រះនរោត្តម កែងនិង ផ្លូវលេខ១០៦ ស្ថិតនៅក្នុងសង្កាត់ ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
នគរបាលរងគ្រោះ ដែលជិះម៉ូតូវីវ៉ា បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺមានករណីប្លន់ មួយនៅចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១០៨ ហើយមេរបស់ខ្លួន បានឱ្យគាត់ចេញទៅពិនិត្យ នៅកន្លែងកើតហេតុ ពេលនោះ គាត់ក៏បានជិះម៉ូតូវីវ៉ា មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-1971 ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈនោះក៏មានរថយន្ត មែកសឺដេសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q-8374 ដោយធ្វើដំណើរតាមផ្លូវលេខ១៣៦ ក្នុងទិសដៅពីលិចទៅ កើត ក្នុងល្បឿនលឿនដូចគ្នា ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយម៉ូតូវីវ៉ា របស់លោក បណ្តាលឱ្យរថយន្ត និង ម៉ូតូរងការខូចខាត សំណាងល្អអ្នក ជិះរងរបួសស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកទាំងម៉ូតូ និង រថយន្តទៅកាន់ការិយាល័យ ចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល