CamNews

ព័ត៌មានជាតិ 

ដោះលែង សកម្មជនទាំង ១១ នាក់ ក្រោយចាប់ខ្លួន ពីបទ ប្រមូលផ្ដុំខុសច្បាប់

ភ្នំពេញ ៖ សកម្មជនទាំង ១១នាក់ រួម មានមេដឹកនាំសំខាន់ៗ ដូចជា លោក រ៉ុង ឈុន, ទេព វណ្ណី, យ៉ោម បុបា្ជ និងបូ ឆវី ជា ដើម ដែលត្រូវកម្លាំងនគរបាលរាជធានីភ្នំ ពេញ ចាប់ខ្លួនកាល ពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នៅមុខស្ថានទូតអាម៉េរិក និង នៅក្បែរតំបន់បឹងកក់ ត្រូវ បានសមត្ថកិច្ច ដោះលែងឱ្យមានសេរីភាពវិញហើយ នារសៀលថ្ងៃដដែលនេះ ក្រោយពីធ្វើការ អប់រំ និងធ្វើកិច្ចសន្យារួចមក ។

នេះបើយោងតាមអ្នកនាំពាក្យ សាលា រាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនារសៀល ថ្ងៃនេះ ។ លោក ឡុង ឌីម៉ង់ បានមាន ប្រសាសន៍ថា “ពួកគេទាំង ១១នាក់ ទើបតែ ដោះលែងអំបាញ់មិញនេះទេ (ម៉ោង ១ និង ៥២នាទី)”។

លោក ឡុង ឌីម៉ង់ បានបន្ដថា ពួកគេ ទាំង ១១នាក់ ត្រូវបាននគរបាលរាជធានីភ្នំ ពេញ ធ្វើការ អប់រំ និងឱ្យធ្វើកិច្ចសន្យា បញ្ឈប់ការតវ៉ា និងប្រមូលផ្ដុំខុសច្បាប់នា ពេលលើកក្រោយទៀត ។

គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨ និង៣០នាទីកាលពីព្រឹកថ្ងៃទី២១ ខែ មករា កម្លាំងនគរ បាលរាជធានីភ្នំពេញសហ ការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ និងកម្លាំងសណ្ដាប់ ធ្នាប់ខណ្ឌ បានឃាត់ខ្លួន ជាបន្ដបន្ទាប់ នូវសកម្មជនតវ៉ាដែលដឹកនាំ ដោយលោក រ៉ុង ឈុន, ទេព វណ្ណី និង យ៉ោម បុបា្ជ ជាដើម ពីបទ ប្រមូលផ្ដុំគ្នា ដោយគ្មានការអនុញ្ញាតនៅមុខស្ថានទូតអា ម៉េរិក ស្ថានទូតអង់គ្លេស និងស្ថានទូតបារាំង ក្នុងគោលបំណង ដាក់ញត្ដិសូមឱ្យជួយអន្ដរា គមន៍ ដោះលែង សកម្មជនទាំង ២៣នាក់ ដែលត្រូវចាប់ខ្លួនកាលពីពេលកន្លងទៅដឹក នាំដោយលោក វ៉ន ពៅ នោះ ។ក្រោយការ ចាប់ខ្លួន សកម្មជនទាំង ១១នាក់រួចមក ក្រុមដែលនៅសេសសល់ បាននាំគ្នាទៅ ប្រមូលផ្ដុំគ្នា នៅមុខស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីអំពាវនាវឱ្យ ដោះលែងសកម្មជនរបស់ពួកគេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ