កំពង់ស្ពឺ៖ ព្រះគ្រូសូត្រស្តាំ វត្តអង្គស្នៀត ស្ថិតនៅក្នុងភូមិថ្មីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ត្រូវបានឃាតកមិនស្គាល់មុខបាញ់សម្លាប់ បណ្តាលឲ្យសុគតភ្លាមៗនៅក្នុងពិធីបុណ្យមួយ ខណៈដែលព្រះអង្គកំពុងទេសនា បានប្រមាណ ៥នាទី ។
លោក វិន លេងហួរ មេបញ្ជាការអាវុធហត្ថស្រុកសំរោងទង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា មុនពេលមានអំពើឃាតកម្ម ដ៏ព្រៃផ្សៃនេះកើតឡើងបានកើតឡើង លោក គង់ ឌឹម អាយុ ៦៥ឆ្នាំ បានរៀបចំពិធីបុណ្យខួបកូនប្រុសរបស់ខ្លួន ដែលបានស្លាប់កាលពី ១ឆ្នាំមុន ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយម្ចាស់បុណ្យបានទៅនិមន្តព្រះ អង្គ ម៉ឹង អ៊ំ ព្រះជន្ម ៧៦ព្រះវស្សា ជាគ្រូសូត្រស្តាំនៅវត្តអង្គស្នៀត ដើម្បីមកទេសនា ។
លោក វិន លេងហួរ បានបន្តទៀតថា ខណៈដែលព្រះអង្គកំពុងគង់ទេសនាបានប្រមាណ ៥នាទី ស្រាប់តែមានជនមិន ស្គាល់បាញ់ពីក្រោយ ១គ្រាប់ បណ្តាលឲ្យចំព្រះកេសសុគតភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល ប្រែប្រួលក្លាយពីភាពសប្បាយរីករាយ ទៅជាទុក្ខសោកភ្លាមៗមួយរំពេច ។
សម្រាប់អំពើឃាតកម្មលើកាយព្រះសង្ឃ ដ៏សាហាវព្រៃផ្សៃនេះ ត្រូវបានមេបញ្ជាការអាវុធហត្ថស្រុកសំរោងទងសន្និដ្ឋាន ថា ជារឿងគំនុំ ហើយបាននឹងកំពុងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ជាមួយនឹងក ម្លាំងនគរបាល ដើម្បីតាមប្រមាញ់ឃាតកលាក់មុខនោះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល