ព្រះសីហនុ ៖ រថយន្ត២គ្រឿង បុកគ្នានៅពាក់កណ្តាល យប់ជ្រៅ បណ្តាលឲ្យរថយន្ត មួយគ្រឿង ផ្ទុះឆេះ និងបណ្តាលឲ្យ អ្នកបើករថយន្ត និងអ្នកជិះនៅក្នុង រថយន្ត៤នាក់ រងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង ៣០នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ 140-141 ភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ មន្រ្តី អាវុធហត្ថ (អ.ហ) បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចណ៍កើតឡើង ក្រោយពីរថយន្តម៉ាក មីស៊ុយប៊ីស៊ី កូរ៉េក្បាលពណ៌ស ពាក់ ស្លាកលេខ រដ្ឋ-0016 មានទិសដៅពីភ្នំពេញ ទៅកំពង់សោម ជិះគ្នា០៤នាក់ ។
មន្រ្តី អ.ហ បានបន្តទៀតថា លុះពេលធ្វើដំណើរ ដល់ចំណុចកើតេហតុ ខាងលើ ស្រាប់តែអ្នកបើករថយន្ត ចាញ់ ភ្លើងវ៉ា និងរថយន្តដឹកទំនិញ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ដឹកគ្រឿង សង្ហារឹមពាក់ស្លាក ភ្នំពេញ3B-8648 ដែលមានទិសដៅ បញ្ច្រាស់ទិសគ្នា ហើយពេលនោះ រថយន្តដឹកទំនិញនោះ បានរេចង្កូច មករថយន្ត របស់ម្ខាងទៀតតែម្តង បណ្តាលឲ្យ រថយន្តនេះ ឆេះទាំងស្រុង ។
មន្រ្តី អ.ហ បានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ ដែលរងរបួស នោះ រួមមមាន ទី១-ឈ្មោះ សេង វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរ រងរបួសធ្ងន់ ទី២-ឈ្មោះ ដា ភេទប្រុស អាយុ ៣៤ឆ្នាំ រងរបួសធ្ងន់ ទី៣-ឈ្មោះ ម៉ៅ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ រងរបួសស្រាល និងទី៤-ឈ្មោះ ដារីយ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសស្រាល ។
សម្រាប់ អ្នករបួសត្រូវបាន អ.ហ ៤០២ ជួយសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យ ចំណែករថយន្ត ត្រូវបានកំលាំង អ.ហ ជួយពន្លត់ បានទាំងស្រុង ហើយបច្ចុប្បន្ន រថយន្តទាំងពីរ រង់ចាំ ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកំពង់សិលា ដើម្បីចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ថា អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ ហើយរថយន្តមួយគ្រឿងនេះ គេសង្ស័យថា អាចជារថយន្តដឹក ទំនិញគេចពន្ធផងដែរ ពីព្រោះនៅពេលកម្លាំង អ.ហ ទៅជួយអន្តរាគមន៍នោះ មិនត្រូវបានអនុញ្ញាត ឲ្យពិនិត្យ មើលរថយន្តនោះឡើយ ពីម្ចាស់រថយន្ត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល