(ភ្នំពេញ)៖ បន្ទាប់ពីបញ្ជូនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទៅតុលាការ និងបំបែកសំបុកចោរដែលពាក់ព័ន្ធ ករណីលួចនិងទិញលក់ផលចោរកម្មរួចមក, នៅថ្ងៃទី២៥ ខែមេសានេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចំនួន១១នាក់បន្ថែមទៀត ដោយពាក់ព័ន្ធនិងបទល្មើស០៣ផ្សេងគ្នា គឺករណីគ្រឿងញៀនចំនួន០៥នាក់ ករណីរំលោភលើទំនុកចិត្ត០១នាក់ និង ករណីគាស់ផ្ទះ លួច កាច់កម៉ូតូ និងទិញលក់ផលចោរកម្ម ចំនួន០៥នាក់។
ជនសង្ស័យ០៥នាក់ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងល្បាតខណ្ឌទួលគោកឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។
រីឯជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ដោយកម្លាំងអាវុធហត្ថខណ្ឌ៧មករា តាមបណ្តឹងរបស់ជនរងគ្រោះដែលត្រូវជាមិត្តភក្តិរបស់ជនល្មើស បានមកប្តឹងថា រូបគេត្រូវបានមិត្តភក្តិលួចយកម៉ូតូ ខណៈពេលដែលពួកគេបានផឹកស៊ី និងដេកផ្ទះសំណាក់ជាមួយគ្នា។
ដោយឡែកជនសង្ស័យ០៥នាក់ទៀត ដែលពាក់ព័ន្ធករណីគាស់ផ្ទះ លួច កាច់កម៉ូតូ និងទិញលក់ផលចោរកម្ម ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់គ្នា រយៈពេល០៣ថ្ងៃ និងពង្រីកដែនសមត្ថកិច្ចតាម ចាប់រហូតដល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហប្រតិបត្តការរវាងអាវុធហត្ថរាជធានីភ្នំពេញ ជាមួយអាវុធហត្ថខេត្តកណ្តាល និងខេត្តកំពង់ស្ពឺផងដែរ។
ក្រោយពេលបញ្ជូនជនសង្ស័យទាំង១១នាក់ខាងលើ ទៅតុលាការ វរសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា លោក ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជា ឲ្យកម្លាំងជំនាញរបស់លោក ក៏ដូចជាតាមបណ្តាមូលដ្ឋានខណ្ឌទាំង១២ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលពាក់ព័ន្ធបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន និងបោសសំអាតទីតាំងដែលទទួលទិញលក់ផលចោរកម្មនិងហាងបញ្ចាំខុសច្បាប់ ដើម្បីទប់ស្កាត់អំពើលួចនិងប្លន់ផ្សេងៗ។ ដូច្នេះលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមសហការណ៍ ផ្តល់ព័ត៌មានដែលទាក់ទង និងបទល្មើសផ្សេងៗដល់សមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបក្រុមទុច្ចរិតដែលតែងតែគំរាមកំហែងដល់សេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាបង្កអស្ថេរភាពដល់សង្គមផងដែរ។
ជាចុងក្រោយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលត្រូវបានចោរលួចនិងប្លន់ម៉ូតូកន្លងមក សូមយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ ជាមួយម៉ូតូដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានទាំង១៧គ្រឿង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល