ភ្នំពេញ ៖ បុរសម្នាក់ បានដាច់ខ្យល់ស្លាប់ នៅម្តុំវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈសាច់ញាតិ របស់គាត់ បានដឹកតាមរថយន្ត ពីខេត្តកំពត ឆ្ពោះមកព្យាបាល នៅមន្ទីរ ពេទ្យ ព្រះកេតុមាលា ហៅ ពេទ្យធំ ឫពេទ្យ១៧៩ បង្កឲ្យមានការភ្ញាក់ផ្អើល និងនាំគ្នា ចោមរោម មើលកាលពី វេលាម៉ោង១៣និង ១៥នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ។
ស្រ្តីជាប្រពន្ធ រងគ្រោះ ឈ្មោះ មាន អូញ អាយុ៥២ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត បាននិយាយថា ប្តីរបស់គាត់ឈ្មោះ តេង ស្រេង អាយ៥០ ឆ្នាំ មានជំងឺលើស ឈាម ជាយូមកហើយ និងបានព្យាបាល នៅស្រុក មិនមានការ ធូរស្រាល ហើយនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ នេះ ប្តីរបស់គាត់ លើសឈាម កាន់តែខ្លាំងឡើង បណ្តាលឲ្យ ដួលដាច់សសៃ ឈាម សន្លប់អត់ដឹងខ្លួន។
ក្រោយមានបញ្ហានេះ កើតឡើង គាត់ជាប្រពន្ធ និងបងប្អូនទាំងអស់ បាននាំគ្នាដឹក បញ្ជូន មកសង្រ្គោះ នៅពេទ្យ ស្រុកឈូក ប៉ុន្តែ គ្រូពេទ្យនៅទីនោះ មិនអាចជួយសង្រ្គោះបាន ទើបគាត់បានជួល រថយន្ត អ្នក ភូមិជាមួយ ម៉ាកកាមរីគូទ ប៉ោងពណ៌ស្ក ដឹកប្តីពី មន្ទីរឈូកឆ្ពោះ មកភ្នំពេញ ដើម្បីបញ្ជូន ទៅ សង្រ្គោះបន្ត នៅមន្ទីរពេទ្យធំ (179) ។
អ្នកស្រី បានបន្តទៀតថា ការដឹកប្តីឆ្ពោះមកពេទ្យ ធំនេះ មិនមានឧបករណ៍ ជួយសង្រ្គោះ តាមផ្លូវឡើយ លុះមកដល់ខាង មុខវត្តភ្នំ នេះស្រាប់ ដាច់ខ្យល់ស្លាប់ តែម្តង គឺមិនទាន់ដល់ ពេទ្យធំផង ។
ដោយឃើញហេតុការណ៍នេះ កើតឡើង និងឃើញជន រងគ្រោះស្លាប់ ម្ចាស់រថយន្ត ឈ្មោះ ភឹម សុភាព ភេទប្រុស អាយុ២៩ឆ្នាំ បានឈប់រថយន្ត ហើយឲ្យ កូនចៅ រួមទាំងនាំគ្នា លើកសពចេញពី ក្នុង រថយន្ត មកដាក់នៅចិញ្ចើមផ្លូវ ដោយសារតែ ម្ចាស់រថយន្ត អះអាងថា រថយន្តរបស់ខ្លួន មិនដឹក សពខ្មោច នោះឡើយ ។
ការឈប់រថយន្ត និងនាំគ្នាលើកសព ចេញពីរថយន្តនេះ បានបង្កជាការចោមរោមមើល ពីសំណាក់ អ្នកដំណើរផង ដែរព្រោះតែរូបគាត់ និងកូនជាគ្រួសារ ក្រីក្រគ្មាន លទ្ធភាពដឹកសពប្តី ទៅស្រុកវិញ ឡើយ មានតែសូមឲ្យ សម្បុរសជនជួយ ឧបត្ថម្ភ ដល់គាត់តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល