ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ផឹកស្រាស្រវឹង ហើយជេរដៀមដាម អ្នកជិតខាង ពេលគេ ជេរវិញ ចូលទៅវាយគេដល់ ក្នុងផ្ទះត្រូវម្ចាស់ផ្ទះ កាប់មួយខ្វែវ ឲ្យរបួសធ្ងន់ចូលពេទ្យ ទាំងយប់ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៣ នៅក្នុងភូមិ រោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៣ នេះថា ជនដែលត្រូវគេកាប់ឈ្មោះ គឹម សី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យដែលនគរបាលឃាត់ខ្លួន មាន ឈ្មោះ ខាង ខាត់ ហៅនី ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តថា មុនពេលកើតហេតុឈ្មោះ គឹម សី ជាអ្នកផ្តើមឲ្យមាន ជម្លោះ នៅម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ បានត្រលប់មកពីផឹកស៊ីស្រវឹង ហើយជេឌៀមដាម អ្នកជិតខាង ក្រោយមកត្រូវគេជេតបវិញភ្លាមនោះឈ្មោះ គឹម សី បានខឹងសម្បា ហើយដើរទៅ វាយប្រពន្ធនិង ម្តាយក្មេករបស់ឈ្មោះ ខាង ខាត់ ហៅនី ខណះពេលដែលកំពុង ប្រតាយប្រតប់ គ្នានោះត្រូវបានឈ្មោះ ខាង ខាត ចូលមកឃាត់ ភ្លាមនោះឈ្មោះ គឹម សី បានវាយចំ កណ្តាល មុខឈ្មោះ ខាង ខាត់ មួយដៃអុកគូថ ធ្វើឲ្យឈ្មោះ ខាង ខាត់ ខឹងបានស្ទុះរត់ទៅយកកាំបិត ខ្វែវ ប្រវែងជាងមួយម៉ែត្រមកកាប់ឈ្មោះ គឹម សី វិញ បណ្តាលឲ្យរបួសធ្ងន់ត្រង់ខ្នង និងដៃ ហូរឈាម ជោគខ្លួនត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ទាំងយប់។
លោក ស៊ីវ សុជាតិ បានបញ្ជាក់ថា ក្រោមការបញ្ជាការពីលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ចុះអន្តរាគមន៍ចំនុចកើតហេតុនិង បាន ឃាត់ ខ្លួនឈ្មោះ ខាង ខាត់ និងដកហូតបានកាំបិតខ្វែវមួយដើម យកមកសួរនាំ ទើបដឹងថា ពួក គេទាំង០២នាក់ ពីមុនមកធ្លាប់មានទំនាស់នឹងគ្នា ហើយឈ្មោះ គឹម សី ធ្លាប់វាយឈ្មោះ ខាង ខាត់ ត្រូវនគរបាលចាប់ ខ្លួនញាត់គុកអស់៣ខែផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល