ភ្នំពេញ : បុរសជាអ្នកប្រកប របររត់ម៉ូតូឌុបម្នាក់ ត្រូវបានក្រុមប្រុស-ស្រីមួយគូ យកកាំបិតចាក់ទៅលើខ្នង មួយកាំបិត និងដៃមួយកាំបិត បណ្តាលឮ្យរងរបួសធ្ងន់ធ្ងរ និងត្រូវអ្នកស្រុកជួយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមានជ័យ បន្ទាប់ពីជនរងគ្រោះ ដើរចេញមកដល់ផ្លូវជាតិលេខ១ ។
ករណីចោរប្រើកាំបិត ចាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះ កើតឡើង កាលវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវបេតុងប្រមាណ ៥០ម៉ែត្រពីផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថ្លាង រិទ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកម៉ូតូដែលចោរប្លន់ យកទៅដោយសុវត្ថិភាព មិនបានរំខានដល់នគរបាល ខណ្ឌ ច្បារអំពៅទាំងមូលឡើយនោះ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1A-8628 ។
បើតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនត្រូវបានក្រុមចោរប្រុស-ស្រី នេះ ហៅឲ្យ ឌុបពីសង្កាត់ចោមចៅ មកផ្សារព្រែកឯង ក្នុងតម្លៃ ២៥.០០០រៀល ខណ:ដឹកមកដល់មុខវត្តវាលស្បូវ ដែលមាន ភ្លើងភ្លឺនោះ ជនសង្ស័យក៏ឲ្យដឹកបត់ស្តាំដៃ ចូលតាមផ្លូវបេតុង ប្រមាណ៥០ម៉ែត្រ ដល់កន្លែងងងឹត ជនសង្ស័យបានឲ្យ ម៉ូតូឈប់ ហើយចុះពីលើម៉ូតូទាំង២នាក់ ដោយចោរស្រី ធ្វើជារ៉ូតកាបូបដូចជាយកលុយឲ្យ ឃើញដូច្នេះ ខ្លួនក៏បែរខ្នង ចេញ ស្រាប់តែអ្នកទាំង២នាក់ បានយកកាំបិតមកចាក់ខ្នងខ្ញុំមួយកាំបិត និងកាប់ដៃឆ្វេងមួយកាំបិត ភ្លាមៗ ខ្ញុំក៏ផ្តួល ម៉ូតូរត់គេច និងស្រែកចោរៗ តែត្រូវក្រុមចោរ ដេញកាប់ចំមួកសុវត្ថិភាពមួយកាំបិតទៀត ទើបវាបកក្រោយ ទៅលើក ម៉ូតូជិះឡើងមកផ្លូវជាតិលេខ១ បាត់ស្រមោល ខណ:ខ្លួនខ្ញុំខំប្រឹងដើរចេញពីទីងងឹត មករកអ្នកស្រុកឲ្យជួយសង្គ្រោះ បានទាន់ពេលវេលា ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកមានជ័យ និងបានដាក់ពាក្យបណ្តឹងទៅសមត្ថ កិច្ចនគរបាលវាលស្បូវ ទៅតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល