ភ្នំពេញ ៖ បុគ្គលិកធ្វើការ នៅព្រលានយន្តហោះ ផ្នែកឆែក សំបុត្រម្នាក់ បានសម្រេចចិត្តមកលោតពីលើស្ពាន ព្រះមុន្នី វង្សចាស់ លិចបាត់ប្រមាណ ១៥នាទី ទើបឃើញ ងើបឡើង ហើយហែលឡើងគោកវិញ បង្កឲ្យមានភ្ញាក់ផ្អើលដល់អ្នកដំណើរ ក៏ដូចជាអ្នកដែលបានឃើញហេតុការណ៍ នាំគ្នាចោមរោមមើល ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទីយប់ ឈានចូលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅលើស្ពានព្រះ មុនីវង្សចាស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
បុរសដែលបានមកលោតទឹក ប៉ងសម្លាប់ខ្លួន តែមិនស្លាប់នេះ មានឈ្មោះ និល អាយុ២៤ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ ជាអ្នកឆែកសំបុត្រយន្តហោះ ។
យោងតាម ការរៀបរាប់របស់មិត្តភក្តិ របស់បុរសម្នាក់នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺឈ្មោះ និល បាន ទូរស័ព្ទទៅប្រាប់ខ្លួនថា រូបគេលាហើយ រូបគេមិនចង់រស់នៅតទៅទៀតទេ ដោយសារតែពិបាកចិត្តរឿងគ្រួសារពេក ។ លឺដូចនេះ បុរសជាមិត្តភក្តិបានចេញដំណើរ ពីព្រលានយន្តពោធិ៍ចិនតុងមកភ្លាមៗ ព្រោះខ្លាចឈ្មោះ និល គិតខ្លី ធ្វើអ្វីផ្តេសផ្តាស។ ខណៈមកជិតដល់ចំណុតកើតហេតុ ស្រាប់តែឃើញ ឈ្មោះ និល ឈរតែម្នាក់ឯងនៅលើ ស្ពានព្រះមុន្នី វង្សចាស់ ត្រើយខាងលិច លុះបានបន្តិចក្រោយមក ក៏សម្រេចចិត្តលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកបាត់តែម្តង។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ តែប្រមាណជា ១៥ នាទី ក្រោយមកស្រាប់តែឈ្មោះ និល ដែលបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននោះ បានហែលឡើងមកលើ គោកវិញ ដោយខ្លួនឯង ហើយត្រូវបានមិត្តភក្តិដឹកតាមម៉ូតូជូនត្រឡប់ ទៅគេហដ្ឋានវិញភ្លាមៗ ដោយមិនបាននិយាយអ្វីប្រាប់សមត្ថកិច្ចនោះឡើយ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល