CamNews

ព័ត៌មានជាតិ 

បាញ់ ៤គ្រាប់ ប្លន់ម៉ូតូ មកប្រទះនឹងនគរបាល បាញ់តដៃ ៧គ្រាប់ទៀត អស់គ្រាប់ ទើបចាប់ខ្លួនបាន

ភ្នំពេញ ៖ នគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រម៉ាញ់មុខសញ្ញាចោរប្លន់ ដ៏សកម្មបានម្នាក់ និងបក្ខពួករបស់២នាក់ ទៀត កំពុងតែរត់គេចខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបាញ់ប្លន់ យកមកម៉ូតូពីជនរងគ្រោះម្នាក់ បានសម្រេច រួច ហើយជិះគេចខ្លួនជ្រុលទៅបុកនឹងម៉ូតូអ្នកដំណើរម្នាក់ទៀត ជិះបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបោកដួល ទើបម្ចាស់ម៉ូតូ រត់តាមស្រែកចោរៗ ហើយជនសង្ស័យបានបាញ់ចំនួន ៣គ្រាប់បន្ថែម ទើបរត់ឡើងម៉ូតូរបស់បក្ខពួកគេគេចខ្លួន ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាប ដោយផ្ទាល់នោះ បានឲ្យ ដឹងថា មុខសញ្ញាដែលបង្ក្រាបបាននេះ គឺជាមុខសញ្ញាចោរប្លន់ក្នុងរាជធានីដ៏សកម្មបំផុត ហើយក្រុមទាំងនេះ វាតែង តែបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាចគ្រប់ពេលវេលាទាំងអស់ ដូច្នេះការបង្ក្រាបបានមុខសញ្ញាមួយនេះបាននាពេលនេះ គឺ ជាការជួយកាត់បន្ថយទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋ បានមួយកម្រិតផងដែរ ហើយលោកនឹងខិតខំធ្វើការស្រាវ ជ្រាវ ស្វែងរកមុខសញ្ញាកំពុងតែរត់គេចខ្លួននោះ ដើម្បីឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។

លោកបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីលេងផ្ទះបងប្អូននៅម្តុំរោងចក្របឺរី លុះជិះ ត្រឡប់មកវិញ ជិតដល់ផ្ទះជនរងគ្រោះ បានឈប់ម៉ូតូពេលនោះ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ដោយ មួយគ្រឿងជិះគ្នា២នាក់ បានមកជិតរួចហើយដកកាំភ្លើងភ្ជង់ជនរងគ្រោះ រួច ដកសោម៉ូតូជនរងគ្រោះ ពេលនោះជន រងគ្រោះបានប្រតាយប្រតប់ជាមួយ ទើបជនសង្ស័យបានបាញ់ជនរងគ្រោះ១គ្រាប់ រួចក៏ជិះគេចខ្លួនទៅ ប៉ុន្តែ ខណៈ ជិះចេញទៅនោះ ស្រាប់តែបានទៅបុកជាមួយម៉ូតូរបស់អ្នកដំណើរម្នាក់ទៀត បណ្តាលឲ្យបោកដួល ទើបជនរងគ្រោះ តាមស្រែកចោរៗ ទើបធ្វើឲ្យជនសង្ស័យបាញ់២គ្រាប់គំរាមទៀត ហើយក៏បានរត់ទៅឡើងម៉ូតូរបស់គ្នាគេ រួចក៏បាញ់ បកក្រោយ១គ្រាប់ទៀតទើបជិះគេចខ្លួន ។

លោកបាបបន្តទៀតថា បន្ទាប់ពីលោកទទួលព័ត៌មាន លោកដឹកនាំកម្លាំងចុះពួកស្ទាក់គ្រប់ច្រកល្ហកទាំងអស់ លុះមក ដល់ម្តុំផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ក៏បានប្រទះឃើញជនសង្ស័យ ៣នាក់ជិះម៉ូតូ២គ្រឿង ហើយពេល នោះ លោកបានបញ្ជាឲ្យកម្លាំងរបស់លោក ឃាត់ម្នាក់ ដើម្បីធ្វើការឆែកឆេរមើល ពេលនោះជនសង្ស័យ បានសុំទូរ ស័ព្ទបន្តិចសិន ហើយលោកបានសុំដកទូរស័ព្ទ ពេលជនសង្ស័យក៏បានធ្វើសកម្មភាព បាញ់មកលើកម្លាំងរបស់លោក ប៉ុន្តែ ពុំបណ្តាលឲ្យនរណារបួសនោះទេ ហើយជនសង្ស័យបានបន្តបាញ់ ដើម្បីរំដោះខ្លួនប្រហែលជា ៧គ្រាប់ ក៏អស់ គ្រាប់ គេបានទាញគ្រាប់មកបញ្ចូលទៀត ទើបកម្លាំងរបស់លោកទៅក្របួចបាន រួចធ្វើការឆែកឆេរមើល ឃើញថា ជន សង្ស័យប្រើកាំភ្លើង ម៉ាក K-54 ដោយនៅសល់គ្រាប់ ក្នុងថង់របស់គេចំនួន ៧គ្រាប់ទៀត ។  ចំណែកឯបក្ខពួក របស់ គេ ២នាក់ទៀត បានរត់គេចខ្លួនបាត់អស់ ។

លោកបានបន្តថា ជនរងគ្រោះក្នុងករណីបាញ់ប្លន់នេះមានឈ្មោះ អេន ឡុង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់កើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសេ ១២៥ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១៤ ពុំចាំស្លាកលេខ ចំណែកឯជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានម្នាក់នោះ ពុំទាន់ស្គាល់អត្តសញ្ញាណទេ កម្លាំងរបស់លោកកំពុងតែធ្វើការសាកសួរ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី MSX ចំណែកបក្ខពួករបស់គេ២នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពុំចាំស្លាក លេខ ៕  


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP