CamNews

ព័ត៌មានជាតិ 

នគរបាល ចរាចរណ៍ ចាប់ផ្ដើម ផាកពិន័យ សម្រាប់អ្នក ធ្វើដំណើរ តាមផ្លូវសុធារស

ភ្នំពេញ ៖ ក្រោយពីការចុះទៅរៀបចំឱ្យ ដំណើរការចរាចរណ៍ឯកទិស លើកំណាត់ផ្លូវ សុធារស ចាប់ផ្លូវកែង ស្ថានទូត រុស្សី រហូតមកដល់ចំណុចភ្លើងស្ដុបជលផលមកនោះ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ ជាច្រើននាក់ បានដាក់ គោលដៅចាប់ផាកពិន័យ ចំពោះអ្នកធ្វើ ដំណើរតាមរថយន្ដនិងតាមម៉ូតូ ដែលបើក បញ្ច្រាសទិស ពោលបត់ចូល តាមផ្លូវសុធារស ត្រង់ចំណុច ភ្លើងស្ដុបនោះ ។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន ដែលដឹកនាំ ការត្រួតពិនិត្យ នៃការចាប់ផាកពិន័យអ្នកធ្វើដំណើរបញ្ច្រាសទិសចរាចរណ៍ បានមានប្រសាសន៍ថា សុពលភាពនៃការចាប់ ផាកពិន័យនោះ បានកើតឡើង ក្រោយពីស្លាកសញ្ញា បង្ហាញ ពីចរាចរណ៍ ត្រូវបានដាក់បង្ហាញ ។

គេសង្កេតឃើញថា ស្លាកសញ្ញាហាមឃាត់ បត់ចូលតាមផ្លូវសុធារស ត្រង់ចំណុចភ្លើងស្ដុបជលផល ត្រូវបានសមត្ថកិច្ច ដាក់បង្ហាញ ដើម្បីប្រាប់ទៅអ្នកដំណើរគ្រប់រូបថា មិនអាចបត់ចូលបានឡើយ ពោលមានតែសិទ្ធិចេញ ប៉ុណ្ណោះ ។

បើទោះស្លាកសញ្ញាមួយផ្ទាំងធំ ដែលមាន សញ្ញា ហាមចូលពណ៌ក្រហម ឆ្នូតស ខាងក្នុង ត្រូវដាក់បញ្ឈរ ត្រង់ចំណុច ភ្លើងស្ដុប ចូលទៅផ្លូវសុធារសក៏ដោយនោះ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួន នៅតែបន្ដរំលោភ ដោយបើកម៉ូតូ និងបើក រថយន្ដ ចូល ។ ហេតុដូច្នេះហើយ កម្លាំងនគរបាលចរាចរណ៍ ជាច្រើននាក់ បានដាក់គោលដៅចាប់ផាកពិន័យ ចំនួន៣ទីតាំង ។

លោកប៉ែន ឃុន បានថ្លែងឱ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានយល់ដឹង និងទទួលបាន ព័ត៌មាននៃ ការហាម ឃាត់ធ្វើដំណើរតាមផ្លូវសុធារសពីចំណុចភ្លើងស្ដុប ឆ្ពោះទៅផ្លូវកែងស្ថានទូតរុស្សីនោះ នគរបាលចរាចរណ៍ បានស្ទាក់ចាប់ ផាកពិន័យនិងពន្យល់ពួកគាត់ ឱ្យបានជ្រាប ងាយស្រួលថ្ងៃក្រោយ កុំបន្ដ រំលោភបំពាន ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានកំណត់ផ្លូវសុធារសឱ្យដំណើរការចរាចរណ៍ឯកទិស ពោលអ្នកធ្វើ ដំណើរ មានសិទ្ធិ តែធ្វើដំណើរពីការកែងផ្លូវស្ថានទូតរុស្សីមកចំណុចភ្លើងស្ដុបជលផលប៉ុណ្ណោះ ប៉ុន្ដែពុំមាន សិទ្ធិបត់ចូល តាមភ្លើងស្ដុប នោះឡើយ ដែលការសម្រេចនេះ ក្នុងគោលបំណងកាត់បន្ថយ ការកកស្ទះចរាចរណ៍ ដែលតែងតែកើត មានឡើង ជាពិសេសនៅពេលល្ងាច ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP