CamNews

ព័ត៌មានជាតិ 

កម្មករ ជាង៤០នាក់ ដួលសន្លប់ បន្តបន្ទាប់ ដោយសារ ផ្សែងម៉ាស៊ីនភ្លើង

ភ្នំពេញ៖ កម្មករបម្រើការងារ នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ ដែលមានឈ្មោះថា ផ្កាឈូក ស្ថិតនៅទល់មុខ សាលាក្ដីខ្មែរក្រហម ក្នុងភូមិត្រពាំងទួល សង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យប្រមាណ៤៥នាក់ បានដួលសន្លប់ បន្តបន្ទាប់ ដោយសារតែពុលផ្សែងម៉ាស៊ីនភ្លើងដែលនៅក្បែរនោះ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ប៉ុន្តែមិនបណ្តាលឲ្យកម្មករ ណាម្នាក់រងគ្រោះដល់ជីវិតនោះឡើយ ដោយអាជ្ញាធរ និងថៅកែរោងចក្រ ជួយអន្តរាគមន៍និង សង្គ្រោះទាន់ ពេលវេលា។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកម្មករទាំងនេះ ដួលសន្លប់ ខណៈកំពុងធ្វើការនោះដោយសារតែផ្សែងម៉ាស៊ីនភ្លើង ដែលផ្គត់ផ្គង់រោងចក្រ ហបមីត នៅជាប់គ្នានោះ បាន ហុយចូលទៅក្នុងរោងចក្រហើយបណ្តាលឲ្យ ថប់ដង្ហើមនិងពុលនិងដួលសន្លប់បន្តបន្ទាប់គ្នាតែម្តង។
ទាក់ទងនឹងការដួលសន្លប់នេះដែរ មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលបានចុះស៊ើបអង្កេត ផ្ទាល់នោះ បានឲ្យដឹងថា ករណីដួលសន្លប់នេះពិតជាបណ្តាលមកពីផ្សែងភ្លើង រោងចក្រនេះហបមីតនោះមែន ដោយរោងចក្រនេះបានធ្វើបំពង់បង្ហុយផ្សែងទាប ហើយខ្យល់មកក៏បក់ចូលទៅក្នុងរោងចក្រដែលនៅជាប់នោះ។

តែយ៉ាងណាក៏ដោយម្ចាស់រោងចក្រ ដែលធ្វើខុសបច្ចេកទេសនេះបានសន្យាថា នឹងធ្វើបំពង់នេះឡើងទៅលើ ចំនួនប្រាំពីរម៉ែត្រ បន្តទៀតដើម្បីបញ្ជៀសករណីពុលនេះមិនឲ្យកើតឡើងទៀតនោះឡើយ។

បើតាមមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម បានបន្តទៀតថា ហេតុការណ៍ដួលសន្លប់របស់កម្មកររោងចក្រ ខាងលើនេះ ត្រូវបានប.ស.ស.បានបញ្ជូនពួកគេទៅសម្រាកនៅមន្ទីរពេទ្យក្បែរនោះ ហើយថវិកានៃការ ចំណាយ ផ្សេងៗលើការព្យាបាលកម្មករគឺប.ស.ស. ជាអ្នករ៉ាប់រងទាំងអស់។ ដោយឡែកក្រុមកម្មករផ្សេងទៀតថៅកែរោងចក្រ បានអនុញ្ញាតឲ្យពួកគេឈប់សម្រាកជា បណ្តោះអាសន្ន ដោយ រង់ចាំសម្រួលនៅបញ្ហាខាងលើនេះរួចជាស្ថាពរសិន៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP