ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព លួចម៉ូតូមិនបានសម្រេច នៅម្តុំផែថ្ម ត្រូវបាន កម្លាំង នគរបាលប៉ុស្តិ៍ស្រះចក សហការ ជាមួយកម្លាំង អាវុធហត្ថ ខណ្ឌដូនពេញ ចាប់ខ្លួន នៅ ចំណុច មុខហាងផឹកស៊ី យីហោ ផ្ទះយើង តាមបណ្តោយផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ប្រមាណ ៩៖១០នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន ប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា មុនពេលកើតហេតុ ជន សង្ស័យរូបនេះ និងបក្ខពួក ដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាព លួចម៉ូតូ របស់ប្រជាពលរដ្ឋ នៅម្តុំផែថ្ម ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូ ដឹងទាន់ ធ្វើឲ្យជនសង្ស័យទាំងនេះ នាំគ្នារត់គេចខ្លួន។
សមត្ថកិច្ច បានបន្តទៀតថា ក្រោយពីទទួលសេចក្តីរាយការណ៍ថា មានចោរលួចម៉ូតូ មិនបាន សម្រេច ខាងលើនេះ កម្លាំងនគរបាល ប៉ុស្តិ៍ស្រះចក និងកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បាន ចេញល្បាត ហើយក៏ប្រទះឃើញជនសង្ស័យខាងលើកំពុង ធ្វើដំណើរតាមដងផ្លូវ ក៏ឈានទៅ ដល់ការ ចាប់ខ្លួនបានម្នាក់ ។
ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូន ទៅសួរនាំ បន្តទៀត នៅទីបញ្ជាការដ្ឋាន អាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់មានការ បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យរូបនេះនៅឡើយទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល