CamNews

ព័ត៌មានជាតិ 

សង្ស័យរឿង ស្នេហាត្រីកោណ លើកគ្នាទៅកាប់ ដល់ក្នុងផ្ទះ រងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានក្រុមជនបង្ក ប្រមាណ៨នាក់ ធ្វើសកម្មភាព ចូលទៅកាប់ ដល់ក្នុងផ្ទះ បណ្តាលឲ្យរង របួសយ៉ាងធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ប៊ិះស្លាប់ ឈាមហូរស្រោចដីមុខផ្ទះ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយករណី កាប់ប្រហារ គ្មានក្តីមេត្តានេះ ត្រូវបានសាក្សី និងប្រជាពលរដ្ឋ នៅក្បែរនោះ ដាក់ការសង្ស័យលើគំនុំ ស្នេហាត្រីកោណ ស្រឡាញ់ស្រីជាន់គ្នា ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងឲ្យដឹងថា ជនរងគ្រោះបានសន្លប់ បាត់ស្មារតីនៅឡើយ ហើយបច្ចុប្បន្ន កំពុងជួយសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត រង់ចាំការដឹងខ្លួនវិញ នោះមន្រ្តី នគរបាលជំនាញ របស់លោក នឹងធ្វើការសាកសួររក មូលហេតុពិត។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ដោយក្រុមជនបង្ក មានគ្នាប្រមាណ៨នាក់ ជិះម៉ូតូចំនួន ៤គ្រឿង ប្រដាប់ដោយកាំបិត ប៉័ងតោ បានទៅធ្វើសកម្មភាព កាប់ដល់ផ្ទះជនរងគ្រោះតែម្តង ។

លោកបានបន្តទៀតថា នៅធ្វើដំណើរដល់មុខផ្ទះជនរងគ្រោះ ជនបង្កចំនួន៣នាក់ បានយកកាំបិតប៉័ងតោ ចូលទៅកាប់ចិញ្ច្រាំ បណ្តាលឲ្យ ជនរងគ្រោះរងរបួសធ្ងន់ លើរាងកាយ សន្លប់បាត់ស្មារតី នៅនឹងកន្លែងកើតហេតុ ខណៈនោះក្រុមជនបង្ក បាននាំគ្នា ជិះម៉ូតូ រត់គេចខ្លួនអស់ ។

អធិការនគរបាលរូបនេះ បានបន្តថា ក្រោយទទួលនូវព័ត៌មាន ខាងលើនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ព្រមទាំងទាក់ទងរថយន្តសង្គ្រោះបន្ទាន់ ជួយដឹកជនរងគ្រោះទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ។

យ៉ាងណាក៏ដោយ លោក យឹម សារ៉ាន់ មិនទាន់អាចបញ្ជាក់អំពី មូលហេតុ ដែលនាំឲ្យករណីកាប់ប្រហារខាងលើនេះ កើតឡើងនោះឡើយ ដោយត្រូវរង់ចាំ ការដឹងខ្លួនរបស់ជនរងគ្រោះសិន បើទោះបី មានសាក្សីខ្លះ បានអះអាងថា ករណីនេះ បានកើតឡើងដោយសាររឿងគំនុំស្នេហាត្រីកោណ ក៏ដោយនោះ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព ៧១១ ដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ។

ជុំវិញបញ្ហានេះ ស្នងការរង នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យ កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ តាមចាប់ ក្រុមជនបង្កឲ្យបាន ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news