ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីឮ បុគ្គលិក បម្រើការងារ នៅភោជនីយដ្ឋាន «សូរិយាហ្គាឌិន» ប្រាប់ថា សង្សាររបស់ខ្លួនចេញ ទៅផ្ទះមុននេះបន្ដិច ខណៈដែលរូបគេបើក ម៉ូតូមកទទួល សង្សារនោះ ក៏ខឹងចិត្ដបត់ ម៉ូតូត្រឡប់ក្រោយ យ៉ាងលឿន ជ្រុលទៅបុកម៉ូតូ អ្នកកាសែតពីរនាក់ បណ្ដាលឱ្យ ដួលបាក់ក ស្លាប់ខ្លួនឯង រីឯអ្នកកាសែត ទាំងពីរនាក់រងរបួសធ្ងន់ ។
គ្រោះថ្នាក់ ចរាចរណ៍ ដែលផ្ដើមចេញ ពីកំហឹងលាយកំហល់ បើកម៉ូតូមិនបានមើល គ្រប់ជ្រុងជ្រោយ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅមុខភោជនីយដ្ឋាន «សូរិយាហ្គាឌិន» តាមបណ្ដោយ ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
សាក្សីនៅកន្លែង កើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី សំនាង អាយុ២១ឆ្នាំ មាន ស្រុកកំណើតនៅ ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ រីឯអ្នកកាសែតទាំងពីរនាក់ កំពុងបើកម៉ូតូ ម៉ាកស្កុបពីឌុបគ្នា ដើម្បីទៅយកព័ត៌មាន ។
បើតាមសាក្សី មុនពេលកើតហេតុ យុវជនស្រី សំនាង បានបើកម៉ូតូម៉ាកសេ១១០ ( សង់ប៊ិច ) ពណ៌ខ្មៅ ធ្វើដំណើរ ម្នាក់ឯង តាមបណ្តោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណង ទៅឌុបសង្សារដែលធ្វើជាអ្នកបម្រើភ្ញៀវ នៅភោជនីយ៍ដ្ឋាន «សូរិយាហ្គាឌិន» លុះដល់ចំណុច មុខភោជនីយ៍ដ្ឋាន ក៏បត់ម៉ូតូឆ្លងផ្លូវ ក្នុងទិសដៅពីលិច ទៅកើត ( ពីស្តាំទៅឆ្វេង ) ដើម្បីទទួល សង្សារទៅផ្ទះជាមួយគ្នា ។ ពេលនោះ អ្នកធ្វើការនៅក្នុងហាង «សូរិយាហ្គាឌិន» បានប្រាប់យុវជន ស្រី សំនាងថា មិត្តស្រីរបស់ខ្លួន ចេញទៅផ្ទះមុននឹងបន្តិចបាត់ហើយ ។
ពេលឮដូច្នេះ ស្រី សំនាង មិន ទាន់នឹងពន្លត់ម៉ាស៊ីនម៉ូតូផង បានបត់ក្បាលម៉ូតូត្រឡប់ក្រោយ បុកម៉ូតូម៉ាកស្គុបពី ពណ៌ផ្ទៃមេឃលាយស ដែលជិះគ្នា២នាក់ (អ្នកកាសែត) តាម បណ្តោយផ្លូវ១៥៥ ក្នុងទិសដៅពីត្បូងទៅជើង ចំណែកផ្លូវខាងស្តាំដៃ របស់ម៉ូតូស្គុបពី ទាំង កំរោល បណ្តាលឲ្យដួល បោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ មួយរំពេច ។
ដោយឡែក អ្នកជិះម៉ូតូម៉ាកស្គុបពីបានរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្ត សាមុយមកដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យ រួចហើយទៅសម្រាកទៅសម្រាកនៅឃ្លីនិច ឯកជន ។ ចំពោះករណី ខាងលើនេះ នគរបាល ការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ បានចុះវាស់វែង ជាក់ស្តែង នៅនឹងកន្លែងកើតហេតុ ហើយប្រគល់ សពទៅឲ្យក្រុមគ្រួសារយកទៅតម្គល់ធ្វើ បុណ្យនៅឈាបនដ្ឋាន វត្តសន្សំកុសល។ រីឯ ម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានដកហូតយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ ។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញបាន ឲ្យដឹងថា គ្រោះថ្នាក់បង្កឡើងដោយសារអ្នកជិះម៉ូតូ ម៉ាកឌ្រីមសង់ សេ១១០ បើកបរបញ្រា្ចសទិស ក្នុងល្បឿនលឿន ហើយថែមទាំងមិនពាក់មួកសុវត្ថិភាពទៀតផង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល