កណ្តាលៈ ជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់ ខណៈក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ ពីជនរងគ្រោះ បានទៅច្រៀងក្នុងពិធីមង្គលការមួយនៅក្នុងភូមិ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ យប់ថ្ងៃទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ណែម ណារី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចំរៀង មានទីលំនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១៦ ជនរងគ្រោះបានទៅច្រៀង តន្ត្រីសម័យ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លុះដល់ម៉ោង២២ ជនរងគ្រោះក៏មាន អាការៈចុកពោះ ពេលនោះមិត្តភ័ក្រ ដែលច្រៀងជាមួយគ្នា បានជូនទៅគ្លីនិកឯកជន នៅក្នុងឃុំសំរោងធំ ក៏បានធូស្បាយ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទហៅ ក្រុមគ្រួសារអោយមកយកទៅផ្ទះវិញ។ លុះដល់ម៉ោង៤ទៀបភ្លឺ ឈានចូល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ជនរងគ្រោះក៏មានអាការៈចុកពោះម្ដងទៀត (ចុកខ្លាំង) ពេលនោះក្រុមគ្រួសារបាន នាំយកទៅគ្លីនិកឯកជន សុខមហាសាល ប៉ុន្តែគ្រូពេទ្យនៅទីនោះ មិនហ៊ានទទួល មើលដោយប្រាប់ ក្រុមគ្រួសារ ជនរងគ្រោះ អោយយកទៅភ្នំពេញទៅបន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ បាននាំជនរងគ្រោះ មកមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ដើម្បីរកឡានជិះទៅភ្នំពេញ ពេលនោះគ្រូពេទ្យ នៅទីនោះបានជួយធ្វើចលនា អោយជនរងគ្រោះ ក៍ឃើញអាការៈធ្ងន់ធ្ងរ បានប្រាប់ក្រុមគ្រួសារជនរងគ្រោះថា បើទៅមន្ទីរពេទ្យភ្នំពេញ ក៏ទៅមិនទាន់ដែល ពេលនោះក្រុមគ្រួសារជនរងគ្រោះ បានយកជនរងគ្រោះ ត្រឡប់មកផ្ទះវិញ លុះពេលធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់តែម្ដង។
ក្រោយសមត្ថកិច្ចនគរបាល រដ្ឋបាលគគីរ ចុះមកពិនិត្យសាកសពរួច គឺពុំឃើញមានស្នាកស្នាម អ្វីគួរអោយ កត់សំគាល់ ឡើយ ហើយក្រុមគ្រួសារជនរងគ្រោះ ទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសាជំងឺចុកពោះប្រាកដមែន។
សពជនរងគ្រោះត្រូវបាន ប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល