ករណីបាត់កោដ្ឋមាស និងព្រះបរមសារីរិកធាតុ និងពុទ្ធបដិមាមួយចំនួនទៀត ពីសក្យមុនីចេតិយ នៅ លើភ្នំព្រះរាជទ្រព្យ កំពុងតែធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នាំគ្នាតាមដានដោយយកចិត្ដទុក ដាក់ ព្រោះវត្ថុដ៏មានតម្លៃនោះ គឺជាវត្ថុដែលប្រជាពលរដ្ឋខ្មែរគោរពបូជាគ្រប់ៗគ្នា ។ ការបាត់បង់កោដ្ឋ មាស និងព្រះបរមសារីរិកធាតុ ហើយនៅ សល់តែជើងទម្រតម្កល់កោដ្ឋមាសនោះ មិនមែនជារឿង សាមញ្ញទេ ព្រោះវត្ថុដ៏មានតម្លៃបែបនេះ បែរជាត្រូវក្រុមចោរ លួចយកទៅបាត់ ដោយអាថ៌ កំបាំង បំផុត ។ បើតាមប្រភពព័ត៌មាន ដែលគួរឱ្យ ជឿទុកចិត្ដ គឺកោដ្ឋមាស និងព្រះបរមសារីរិកធាតុ ត្រូវ បានបាត់ពីក្នុងព្រះសក្យមុនីចេតិយរួចទៅហើយ បញ្ហានេះ កំពុងត្រូវបានប្រជាពលរដ្ឋ ខ្មែរ បង្ហាញនូវ ការសោកស្ដាយយ៉ាងខ្លាំង ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាន ការធ្វេសប្រហែស ខ្វះ ភាពទទួលខុសត្រូវ លើតួនាទីរបស់ខ្លួន ។ មានន័យថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួល ខុសត្រូវ ចំពោះប្រជាជាតិខ្មែរទាំងមូល មិនអាចបាចសាច ទម្លាក់ការ ទទួលខុសត្រូវ ទៅលើអ្នកណា ផ្សេងបានទេ ។
ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានកត់សម្គាល់ថា កន្លងមក ក្រសួងវប្បធម៌ បានអប់រំ ប្រជា ពលរដ្ឋទូទៅ ជាពិសេសកូនចៅខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ សម្បត្ដិ វប្បធម៌ជាតិ របស់ខ្លួន ជាពិសេស កេរតំណែលពីដូនតា ដែលបន្សល់ទុកជាមរតក ។ ក៏ប៉ុន្ដែឥឡូវនេះ ក្រសួងវប្បធម៌ បែរ ជាមានការធ្វេសប្រហែស បណ្ដោយឱ្យបាត់បង់កោដ្ឋមាស ព្រះបរមសារីរិក ធាតុ និងពុទ្ធបដិមាមួយ ចំនួន នៅក្នុងសក្យមុនីចេតិយ ។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ គឺជាអ្នក ទទួលខុសត្រូវទាំង ស្រុង ចំពោះបញ្ហាដែលកើតឡើង ព្រោះមកពីការធ្វេស ប្រហែសរបស់ក្រសួងវប្បធម៌ ចាប់តាំងពី ឆ្នាំ២០០០ រហូតមក ទើបបណ្ដាលឱ្យបាត់បង់វត្ថុ មានតម្លៃ សម្រាប់ប្រជាជាតិខ្មែរ ។ ក្រសួងវប្បធម៌ ត្រូវតែហ៊ានទទួលស្គាល់ការពិត ចំពោះ កំហុសរបស់ខ្លួន ហើយត្រូវចាត់វិធានការធ្វើយ៉ាងណា តាម រកវត្ថុដ៏មាន តម្លៃនោះ ត្រឡប់ មកវិញ ដើម្បីជាការគោរព បូជារបស់ប្រជាជាតិខ្មែរ ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ជាច្រើននាក់ រស់នៅតំបន់ជើងភ្នំព្រះរាជទ្រព្យ បានបង្ហើបឱ្យ ដឹងថា វត្ថុមានតម្លៃ ដូចរៀបរាប់ខាងលើនេះ បានបាត់បង់រួច ទៅហើយ បើ ទោះមានការយាមកាម ពីក្រុមការងារ ជាបុគ្គលិកបណ្ដែតយ៉ាងណាក៏ដោយ ។ កន្លងមក មានបុគ្គលិកបណ្ដែង ចំនួន២៣នាក់ ទទួលបន្ទុកយាមកាម ព្រះសក្យមុនីចេតិយ និងរតនសម្បត្តិ ដ៏មានតម្លៃ ព្រមទាំងព្រះបរមសារីរិកធាតុ នៅក្នុងនោះ ដោយពួកគេម្នាក់ៗ ទទួលបានប្រាក់ខែ ត្រឹមតែ ១៤ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយខែ ។ ក្រោយមក ដោយសារតែប្រាក់ខែ បើកមិនទៀងទាត់ បានធ្វើឱ្យបុគ្គលិកបណ្ដែតភាគច្រើន សម្រេច ចិត្តឈប់ពីការងារ ដែលជាហេតុនាំឱ្យមានការយាម កាមមិនដិតដល់ ។ នេះជាភស្ដុតាងបង្ហាញថា ក្រសួងវប្បធម៌ ខ្វះការទទួលខុសត្រូវ ព្រោះ ក្រោយពេលប្រគល់ភារកិច្ចឱ្យមន្ទីរវប្បធម៌ខេត្ដកណ្ដាល ជាអ្នកថែរក្សារួច ហើយ គឺក្រសួង វប្បធម៌ មិនបានយកចិត្ដទុកដាក់ ចំពោះសម្បត្ដិវប្បធម៌ ដ៏មាន តម្លៃនេះទេ ។ សូម្បីតែប្រាក់ ខែបន្ដិចបន្ដួច សម្រាប់បុគ្គលិកបណ្ដែត ក៏មិនបាន ផ្ដល់ឱ្យទៀងទាត់ ដែរ រហូតដល់មានបុគ្គ លិកចំនួន១៤នាក់ លាឈប់ពីការងាររបស់ខ្លួនតែម្តង ។
ឥឡូវនេះ មន្ដ្រីអាជ្ញាធរ កំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្ដ ទុកដាក់ ចំពោះបញ្ហានេះ ខណៈដែល កោដ្ឋមាស ព្រះបរមសារីរិកធាតុ ព្រមទាំងព្រះពុទ្ធបដិមា សាងពីមាស និងលង្ហិន ជាច្រើនអង្គទៀត ត្រូវបានបាត់បង់រួចទៅហើយ ។ នៅក្នុងបញ្ហានេះ កំពុងតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស មាន ការ សោកស្ដាយយ៉ាងខ្លាំង បើសិនជា ទ្រព្យសម្បត្ដិដ៏មានតម្លៃកាត់ថ្លៃមិនបានទាំងនោះ ត្រូវបាត់បង់ ។ កោដ្ឋមាស ព្រះបរមសារីរិកធាតុ នៅក្នុងព្រះសក្យមុនីចេតិយ ប្រៀបបាននឹងដួងព្រលឹងរបស់ប្រជា ជាតិខ្មែរ ព្រោះប្រជាជាតិ ខ្មែរភាគច្រើនលើសលប់ ជាអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា យ៉ាង ខ្ជាប់ខ្ជួន ។ ការបាត់បង់កោដ្ឋមាស និងព្រះបរមសារីរិកធាតុ កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ វិស័យសាសនា នៃព្រះរាជាណាចក្រ កម្ពុជា ព្រោះបាវចនា របស់ព្រះរាជាណាចក្រកម្ពុជា គឺ“ជាតិ សាសនា ព្រះមហាក្សត្រ” ។ បញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលខុសត្រូវធំជាង គេ ចំពោះការបាត់បង់ ទ្រព្យសម្បត្ដិជាតិដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ ខ្មែរ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងប្រជាជាតិខ្មែរ សូមបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធ ថែរក្សាព្រះ រាជាណាចក្រកម្ពុជា សូមជួយគាំពារធ្វើយ៉ាងណា ឃុំគ្រង កុំឱ្យកោដ្ឋមាសនិង ព្រះបរមសារីរិកធាតុ ចាកចេញពីទឹកដីខ្មែរ ។ ជាពិសេស សូមបួងសួង ដល់វត្ថុស័ក្ដិសិទ្ធឱ្យ ជួយបន្ទន់ចិត្ដក្រុមចោរ ដែល លួចយកវត្ថុដ៏មានតម្លៃ ស្មើអាយុជីវិតជាតិខ្មែរនោះ ឲ្យពួកគេយកមកដាក់ នៅកន្លែងដើមវិញ ដើម្បី ឱ្យ ប្រជាជាតិខ្មែរគោរពបូជា តាមទំនៀមទម្លាប់ វប្បធម៌ដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ តទៅទៀត ។ ក្រុមចោរ ដែលលួចវត្ថុដ៏មានតម្លៃទាំងនេះ ប្រសិនបើពួក គេ មិនប្រគល់ត្រឡប់មកវិញ ដល់ប្រជា ជាតិខ្មែរទេ ពួកគេនឹងត្រូវវត្ថុស័ក្ដិសិទ្ធបរាមុខ ឱ្យជួបតែសេចក្ដីវិនាសមហន្ដរាយជារៀងរហូត ។ ប្រជាជាតិខ្មែរ មានសង្ឃឹមថា នៅទី បំផុត កោដ្ឋមាស និងព្រះបរមសារីរិកធាតុ ព្រះពុទ្ធបរមគ្រូនៃ យើង នឹងវិលមកដល់ព្រះ សក្យមុនីតេចិយ លើភ្នំព្រះរាជទ្រព្យជាមិនខាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល