ប្រាសាទគូ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ ក្នុងចំណោមប្រាសាទបាក់បែកនានាក្នុងខេត្ត
ស្ទឹងត្រែង ដែលមានទីតាំងស្ថិតនៅចំកណ្តាលទ្រូងព្រៃនៃឃុំកាំភូន ស្រុកសេសាន និងមានចំងាយ
៥គីឡូម៉ែតអំពីប្រាសាទបាឌឿមនិងមានចំងាយ២៥គីឡូម៉ែតនៅភាគខាងកើតនៃទីក្រុងស្ទឹងត្រែង។
ប្រាសាទគូ អាចត្រូវបានកសាងឡើង នៅក្នុងអំឡុងសតវត្សទី៦ និង ៧ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញ
សាសនា។
សំណង់ភាគច្រើនកសាងឡើងពីឥដ្ឋ លាយជាមួយថ្មបាយក្រៀម។ យ៉ាងណាមិញដោយសារអាយុ
កាលរបស់វាដែលមានវ័យចំណាស់ និងស្ថិតនៅតំបន់ដាច់ស្រយាលឆ្ងាយពីអាជ្ញាធរ អភិរក្សមរត៌ក
បានធ្វើឲ្យប្រាសាទនេះ ត្រូវទទួលរងការបាក់រលំ ដោយសារការគាស់កកាយ លួចប្លន់ និង ការ
ទន្ទ្រានយករបស់ធម្មជាតិ។ ដូចជាគោបុរៈមួយចំនួនត្រូបបានបាត់បង់ ឬខ្លះត្រូវបានបាក់ បែក ធ្លាក់
រាយបាយនៅទីនោះ។ ព្រមទាំងមានចំណែក នៃយោនីរបស់ព្រះនាងឧមា ក៏បានបន្សល់ទុក លើ
ខឿនប្រាសាទបាក់បែកនោះដែរ។
វត្ថុមួយនៅក្នុងចំណោមវត្ថុដ៏ អស្ចារ្យជាច្រើន ដែលបន្សល់ទុកនៅជុំវិញប្រាសាទនោះ គឺផ្ទាំងសិលា
ពណ៌ខ្មៅដ៏ធំមហិមាចំនួនពីរផ្ទាំងរបស់ដូនតាខ្មែរ បានបន្សល់ទុកឲ្យ នៅទីនោះ ដែលក្រាលគ្រប
ទីនោះតាំងពី បុរាណមក ហាក់ដូចជាគេចាក់បេតុង ស៊ីម៉ង់លាយដូច្នេះ។ ម្យ៉ាងទៀត នេះជារឿង
ចំឡែកមួយ ពីព្រោះថា នៅក្នុងតំបន់នេះ ពុំមានថ្មប្រភេទនេះឡើយ ហើយថ្មដ៏ចំឡែកនិងអស្ចារ្យ
នេះ ត្រូវបានប្រជាជននៅតំបន់នេះនាំគ្នាហៅថា " ប្រសាទគូ "។
បន្ទាប់ ពីប្រសាទគូ និងថ្មចំនួនពីរផ្ទាំង មានផ្ទាំងថ្មដ៏ធំមួយទៀត ដែលមានអង្កត់ផ្ចិតចំនួន៧ម ត្រូវ
បានគេហៅថា " អណ្តូងបុរាណ " ដែលនៅពីមាត់អណ្តូងនៅមាន ផ្ទាំងថ្មដ៏ធំមួយ។ អណ្តូងបុរាណ
នេះមានអង្កត់ផ្ចិតចំនួន ១ម និងជំរៅ១ម និងតែងតែមានទឹកខួបប្រាំង ខួបវស្សា។ ប្រជាជនដែល
រស់នៅតំបន់នេះ តែងមានជំនៅថា ទឹកនៅក្នុងអណ្តូងបុរាណនេះ អាចផ្តល់សំណាង និងសុខភាព
ល្អផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia