ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលកំពុង អង្គុយលើម៉ូតូចាំបក្ខពួករបស់ខ្លួន ដែលចូល ទៅកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ នៅក្បែរ សណ្ឋាគារផ្ការាំទឹករាំ សង្កាត់វាលវង់ ខណ្ឌ ៧មករា កាលពីវេលាម៉ោង ប្រមាណ១២ថ្ងៃ ត្រង់ ទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋ ជាច្រើននាក់ ឡោមព័ទ្ធ វាយឡើងទក់សាច់ មុនពេលប្រគល់ទៅឱ្យសមត្ថកិច្ច។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន បញ្ជាក់ថា ជនរងគ្រោះរូបនេះ ជាអ្នកចាំម៉ូតូ រីឯបក្ខពួកម្នាក់ទៀត ចូលទៅ ធ្វើសកម្មភាព កាច់កម៉ូតូ ប៉ុន្ដែត្រូវជនរងគ្រោះដឹងទាន់ ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល រហូតធ្វើឱ្យ ប្រជាពលរដ្ឋនៅទីនោះ ចេញមកជួយអន្ដរាគមន៍ ហើយឡោមព័ទ្ធ ចាប់បានជនសង្ស័យរូបនេះ ខណៈដែល ជនដៃដល់ជាអ្នកកាច់កម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1CR-2040 ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សុខ សំបូរ អាយុ៣៥ឆ្នាំ រស់នៅភូមិស្នាយពល ឃុំព្រៃខ្លា ស្រុកពារាំង ខេត្តព្រៃវែង។ ដោយឡែកជនរងគ្រោះវិញ មានឈ្មោះ ទេព សត្យា អាយុ២៤ឆ្នាុំ ធ្វើការនៅក្រុមហ៊ុន Hing Port ផ្នែកលក់ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួន និងធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលវាល វង់ ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល