ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចូលរួម ឧបត្ថម្ភ ថវិកាចំនួន ២លានរៀល ជូនលោកតា ពេជ្រ ទុំក្រវិល អតីតអ្នកនិពន្ធ ដ៏ល្បីល្បាញ នៅក្នុង ប្រទេសកម្ពុជា ដែលបច្ចុប្បន្ន លោកតា កំពុងមានជំងឺ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត។
ថវិកាទាំងនេះត្រូវបាន លោក តុង ស៊ីវមី អភិបាល ស្រុកពញាឮ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បាននាំយកទៅ ប្រគល់ជូនលោកតា និងក្រុមគ្រួសារ ដោយផ្ទាល់ នៅមន្ទីរពេទ្យ កាល់ម៉ែត ទីដែលលោកតា ត្រូវបានក្រុមគ្រួសារ ដឹកមកបន្តសម្រាក ព្យាបាលនៅទីនេះ។
មានអាយុ៧២ឆ្នាំ លោកសាស្រ្តាចារ្យ ពេជ្យ ទុំក្រវិល អតីតអ្នកនិពន្ធ ដ៏ល្បាញល្បី ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានធ្លាក់ខ្លួនឈឺ ងើបមិនរួចនោះឡើយ ដោយ សម្រាកកំពុងព្យាបាលជំងឺ ទាំងនៅផ្ទះស្ថិតនៅភូមិខ្លាំគ្រាំ ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងបន្តមកសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
ដោយសារតែ វ័យកាន់តែចាស់ អមដោយជំងឺរួមរិតកាយ ធ្វើឲ្យអតីតអ្នកនិពន្ធ ជើងចាស់រូបនេះ គ្មានលទ្ធភាព ទាំង ផ្លូវកាយ និងផ្លូវចិត្ត ធ្វើអ្វីកើតទៀតនោះទេ ក្រៅពីការ ខំប្រឹងរស់ នៅក្នុងដំណាក់កាល ជីវិតចុងក្រោយ របស់ខ្លួន តែប៉ុណ្ណោះ។
ព្រោះតែគ្មានលទ្ធភាព ធ្វើអ្វីកើត ហើយ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់លោកតា ទាំងមូល កាន់តែមានការលំបាក ក្នុងជីវភាព ជាពិសេស ចំណាយប្រាក់កាក់យ៉ាងច្រើន លើការព្យាបាលជំងឺនោះ ក្រុមគ្រួសារ មានតែលើកដៃ សុំការ ចូលរួម ឧបត្ថម្ភថវិកាពី ថ្នាក់ដឹកនាំ និងសប្បុរសជន ទាំងឡាយ ប៉ុណ្ណោះ។
ដោយមើលឃើញ នូវការលំបាក និងស្ថានភាព ដ៏យ៉ាប់យ៉ឺនបែបនេះ កើត ឡើងចំពោះ អ្នកនិពន្ធជើងចាស់ នៅកម្ពុជា កាលពីជាង៥០ឆ្នាំមុននេះ លោក លឹម គានហោ ក៏បានឧបត្ថម្ភ ថវិកា២លានរៀល ដល់លោកតា ពេជ្រ ទុំក្រវិល ព្រមទាំងគ្រឿង ឧបភោគ បរិភោគ តែចំពោះអំណោយទាំងនេះ ត្រូវបានក្រុមការងារ របស់លោកយក ទៅប្រគល់ ជូននៅផ្ទះ ។
អភិបាលស្រុកពញាឮ បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីលោករដ្ឋមន្រ្តី និង បានជំរុញទៅលោកតា ខិតខំដោយខ្លួនឯង មើលថែទាំសុខភាព ឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា មានសប្បុរសជន ជាបន្តបន្ទាប់ បានចូលរួមឧបត្ថម្ភ ថិវកាដល់ លោកតា សាស្រ្តាចារ្យ ពេជ្រ ទុំក្រវិល ក្រោយពីដឹងថា លោកតាបានធ្លាក់ខ្លួនឈឺ យ៉ាងធ្ងន់ធ្ងរនោះ ប៉ុន្តែនៅពេលនេះលោកតា ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត មើលថែរក្សា យ៉ាងយកចិត្តទុក ដាក់ជាទីបំផុត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល