CamNews

ព័ត៌មានជាតិ 

នគរបាល ក្រុងសួង ឃាត់ខ្លួនស្រ្តីម្នាក់ នាំក្មេងស្រី ជនជាតិភាគតិចទំពួន ទៅលក់

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ក្រុងសួង ខេត្តត្បូងឃ្មុំ កាល ពីរសៀលថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ ២០១៤ បានឃាត់ខ្លួនស្រ្តីម្នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព នាំក្មេងស្រី ជនជាតិភាគតិចទំពួន ពីខេត្តរតនគិរី យកទៅលក់នៅ រាជធានីភ្នំពេញ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌក្រុងសួង បានថ្លែងឲ្យដឹងថា ក្រោយមានករណី ជួញដូរមនុស្ស នៅខេត្តរតនគិរី រួចមក នោះ ស្នងការនគរបាល ខេត្តរតនគិរី បានទាក់ទងមកស្នងការនគរបាល ខេត្តត្បូង ឲ្យជួយស្ទាក់ និងតាមដាន ស្រាវជ្រាវ បង្ក្រាបបទល្មើសមួយនេះ ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយមានសេចក្តី រាយការណ៍ ខាងលើ កើតចេញពី ខេត្តរតនគិរីនោះ ស្នងការ នគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាឲ្យ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាល តាមស្រុកក្រុង ចាំឃ្លាំងមើល ដើម្បីចាប់ខ្លួន ជនសង្ស័យ និងជួយសង្គ្រោះក្មេងស្រីរងគ្រោះ។

បើតាមមន្រ្តី នគរបាល ដដែល ស្រាប់តែនៅវេលាម៉ោង ៤៖០៤នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំង នគរបាល បានឃើញមុខសញ្ញា និងក្មេងស្រីរងគ្រោះ ហើយក៏ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយការសួរនាំ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួន មាន ឈ្មោះ វី ស្រីនាត អាយុ២៦ឆ្នាំ រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគីរី ។

ដោយឡែក ក្មេងស្រីរងគ្រោះមានឈ្មោះ ត.ម. ច.ធ អាយុ១៤ ឆ្នាំ ជនជាតិភាគតិចទំពួន រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនះគីរី ។

ក្រោយការឃាត់ខ្លួន និងសួរ នាំរួចមក នគរបាលក្រុងសួង បានប្រគល់ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ទៅឲ្យ នគរបាល ខេត្តរតនគិរីវិញ ដែលជាម្ចាស់ករណី ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Tboung Khmum