CamNews

ព័ត៌មានជាតិ 

អំពើឃាតកម្ម សម្លាប់ជនរងគ្រោះ រួច យកទៅកប់ក្នុងដី សមត្ថកិច្ចបន្ដស្វែងរក សាច់ញាតិ

កណ្ដាល ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញគេកប់ នៅក្នុងរណ្ដៅដី រហូតហើមស្អុយ រលួយ អស់រយៈពេល៣-៤ ថ្ងៃមកហើយ នៅចំណុចព្រែកអូរថ្ងាន់ ភូមិ ទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល ក្រោយពីជនមិនស្គាល់មុខវាយសម្លាប់ រួច កប់នៅក្នុងដី ប៉ុន្ដែមិនទាន់ដឹងពីមូលហេតុ ថាតើការសម្លាប់ជនរងគ្រោះផ្ដើមចេញពី អំពើប្លន់ឬគំនុំគួននោះឡើយ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសពជនរង គ្រោះ កាលពីវេលា ម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ រួចហើយ បានរាយការណ៍ទៅ សមត្ថកិច្ចឱ្យ ចុះ មកធ្វើ កោសល្យវិច័យនិងស្វែងរកសាច់ញាតិជនរង គ្រោះ ដើម្បីធ្វើការសួរនាំនៃអំពើឃាតកម្ម មួយនេះ ។

ក្រោយពេលចុះទៅដល់កន្លែងកើតហេតុ ភ្លាម សមត្ថកិច្ចបានបញ្ជាក់ពីដំណើររឿងថា កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋម្នាក់ឈ្មោះប៊ុនធឿន បាត់ ស៊ីម៉ង់ត៍កន្លះបាវ ខ្សាច់មួយបាវ ដែលបាន ទិញទុកសម្រាប់បូកជួសជុលទ្រុងជ្រូកនិង បាត់ក្រណាត់កៅស៊ូពណ៌សថ្លា ប្រហែល២ ម៉ែត្រ ដែលគ្រប លើគំនធ្នឹមចម្បើងខាង ក្រោយផ្ទះរបស់ខ្លួន ។

លុះដល់វេលាម៉ោង ៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះវែង វាន់ ទៅឃ្វាលគោ ស្រាប់តែឃើញម៉ូតូម៉ាកហុង ដាស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅមួយគ្រឿង នៅ ក្នុងព្រៃបន្លា បន្ទាប់មកក៏បានរាយការណ៍ ទៅសមត្ថកិច្ចតែម្ដង ប៉ុន្ដែពេល សមត្ថកិច្ច ចុះទៅដល់មិនបានឃើញម៉ូតូនៅទីនោះឡើយ ដោយតាមប្រភពព័ត៌មានបានបង្ហាញថា មាន មនុស្សពីរនាក់ជិះម៉ូតូយកចេញ មុនពេល សមត្ថកិច្ចទៅដល់នៅវេលាម៉ោង៥ល្ងាចថ្ងៃ ដដែល ។

លុះនៅវេលាម៉ោងកើតហេតុប្រជា ពលរដ្ឋពីរនាក់ឈ្មោះស្រ៊ន សុខុម និងឈ្មោះ ស្រ៊ង តឿ  បានចុះមក រកម៉ូតូដោយសង្ស័យ ថា ចោរលួចយកទៅលាក់ទុកនៅចំណុចខាង លើ ស្រាប់តែប្រទះឃើញ គំនូកដីថ្មីៗរណ្ដៅដី មានក្លិនស្អុយ សង្ស័យមានកប់សាកសព។

នៅពេលដែលសមត្ថកិច្ចជំនាញខាងបច្ចេក ទេស ចុះទៅគាស់យកសាកសពមកពិនិត្យ នោះ ឃើញមានស្លៀកខោជើងវែង រុំក្រណាត់ កៅស៊ូបា្លស្ទិច ពណ៌សថ្លា មានអាយុប្រហែល ៣០ឆ្នាំ កម្ពស់១.៦៤ម៉ែត្រ មានថ្មស៊ីម៉ង់ត៍ គ្របលើមុខក្នុងរណ្ដៅដី ហើយមានស្នាមមុត នៅលើកខាងឆ្វេង ចំនួនពីរកន្លែង ធ្មេញខាំ អណ្ដាត ដែលជនរងគ្រោះបានស្លាប់ អស់រយៈ ពេល៣-៤ថ្ងៃមកហើយ ។

ក្រោយពីបញ្ចប់ការធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរ សម្រេចកប់ នៅកន្លែងកើតហេតុ ហើយ ស្វែងរកសាច់ញាតិនិងក្រុមគ្រួសារបន្ដទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal